ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបថ្មីចំនួន៣ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឲ្យបើកដំណើរការ ដែលសរុបទុនវិនិយោគជាង១៥លានដុល្លារ និងបង្កើតការងារថ្មីជិត៤ពាន់កន្លែង។

CDC បានចុះផ្សាយក្នុងហ្វេសប៊ុក ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៣ ខែតុលាបានឲ្យដឹងថា រោងចក្រទាំង៣នោះរួមមាន:

ទី១- GOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤១០កន្លែង។

ទី២- GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារនិងអាចបង្កើតការងារបានចំនួន ១,៤៩១កន្លែង។

ទី៣- DI SETA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៤៣ កន្លែង៕