ខេត្តព្រះសីហនុ ៖ បុរសជាកម្មករចុះទូកនេសាទ២នាក់ បានទិញស្រាមកអង្គុយព័ទ្ធវង់នាំគ្នាជល់កែវ លុះពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែមានការទាក់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាយកកាំបិតចាក់ប្រហារគ្នា បណ្តាលឲ្យរងរបួសទាំងសងខាងហូរឈាមកក្លាក់ ត្រូវក្រុមគ្រួសារនាំទៅមន្ទីរពេទ្យព្យាបាលមុខរបួស។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីម៉ោង៣រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សមត្ថកិច្ច បានឲ្យដឹងថា ករណីអំពើហិង្សានេះ កើតឡើងរវាងឈ្មោះញ៉ាំ នឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករនេសាទ មានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំកន្ថោខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានផឹកស្រាស្រវឹងជោកជាំ ហើយឈ្លោះប្រកែកគ្នាជាមួយឈ្មោះវិត វី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករនេសាទ មានស្រុកកំណើតនៅភូមិច្រេះ ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត ស្នាក់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពេលនោះឈ្មោះញ៉ាំ នឿន បានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះវិត វី បណ្តាលឲ្យរបួសត្រង់ស្មាខាងឆ្វេង។


ប្រភពបន្តថា ពេលនោះ ឈ្មោះវិត វី បានចាប់ឈ្មោះញ៉ាំ នឿន បោកនឹងដីដែលចាក់សាបស៊ីម៉ងត៍ បណ្ដាលឲ្យឈ្មោះញ៉ាំ នឿន រងរបួសបែកក្បាលខាងស្តាំ ហូរឈាមកក្លាក់ដូចគ្នា។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលមុខរបួស៕