ខេត្តកំពត៖ ស្រ្តីមេម៉ាយរស់នៅតែឯកឯងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណចិត្តខ្មៅដៃឆៃ យកពូថៅមកវាយសម្លាប់យ៉ាងអាណោចអាធ័ម រួចយកខ្សែ.ក និងលុយរបស់ស្រ្តីរងគ្រោះ ហើយរត់គេចខ្លួនបាត់ស្រមោល។
ករណីប្លន់សម្លាប់នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះរបស់ស្រ្តីរងគ្រោះ ក្នុងភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ។
ស្រ្តីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ រួចប្លន់យកទ្រព្យនេះ មានឈ្មោះសៅ ខេន អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់។


សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយ រស់នៅតែម្នាក់ឯង តែកន្លងមក មិនដែលមានរឿងអកុសលណាមួយកើតឡើងចំពោះស្រ្តីរងគ្រោះទេ ទើបតែថ្ងៃកើតហេតុ មានជនមិនស្គាល់មុខមកវាយសម្លាប់ស្រ្តីរងគ្រោះ ដោយពូថៅ បណ្តាលឲ្យដេកស្លាប់យ៉ាងអាណោចអាធ័ម។
សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីរងគ្រោះបានបាត់បង់ ខ្សែ.កមាស ទម្ងន់៣ជី ៥ហ៊ុន និងលុយចំនួន ៥០ម៉ឺនរៀល ។ ពេលនេះ សមត្ថកិច្ច កំពុងបើការធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ដោយឡែក សពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕