រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បំភ្លឺ និង​ទាត់​ចោលការ​រិះគន់​អ្នកលេង​ហ្វេ​ស​ប៊ុ​កដែល​បង្ហោះ​រូបភាព និង​សារ​រិះគន់ ចំពោះ​អ្នកគ្រប់គ្រង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដោយ​ចោទ​ថា សត្វ​ដែល​ស្គមស្គាំង នោះ​ដោយសារ​ខ្វះ​ចំណី ។

ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ របស់​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម គឺជា​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​សត្វព្រៃ​គ្រប់​ប្រភេទ ដោយ​មាន​មន្ត្រី​បសុពេទ្យ​មើលថែ​ទាំ ជា​ប្រចាំ​ក្រោម​កិច្ចសហការ​ជាមួយ អង្គការ​ដៃគូ ដូច​ជា Wildlife Alliance, FFI និង Free the Bear ។

ក្រសួង​បញ្ជាក់​ថា «​សត្វព្រៃ​ស្គមស្គាំង​មួយ​ចំនួន​តូច នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ មិនមែន​ដោយសារ​ខ្វះ​ចំណី តែ​ជា​សត្វ​មាន​ជំងឺ ឬ​រង​របួស​ដោយសារ​ការ​ដាក់​អន្ទាក់ ដោយ​ខុសច្បាប់ ឬ​មាន​អ្នក​ចិញ្ចឹម​មិន​ចង់​ចិញ្ចឹម ឬ​មាន​បញ្ហា​សុខភាព​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង ក៏​បាន​ប្រគល់​មក​ឲ្យ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ដៃគូ​យក​មក​ថែរក្សា និង​ព្យាបាល ដូច្នេះ ហើយ​ទើប​មាន​សត្វព្រៃ​ខ្លះ​នៅ​ទីនោះ ស្គមស្គាំង​ដែល​មើលទៅ​ហាក់ដូចជា ខ្វះ​ចំណីអាហារ​ជាដើម​» ។

ក្រសួងកសិកម្មចេញបំភ្លឺ​ខាងលើ​នេះ បន្ទាប់​ពី​មាន​មតិ​រិះគន់​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម ជាក់ស្តែង​បើ​តាម​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​«​ស្លាប​ប៉ា​កា​អ​ព្យា​ក្រិ​ត្យ » កាលពី​ថ្មី​នេះ​បាន​សរសេរ​ថា បាន​អ្នកគ្រប់គ្រង​សួនសត្វ​ភ្នំ​តា​ម៉ៅ យក​លុយ​ទៅ​ចិញ្ចឹម​ស្អី បាន​ទុក​ឲ្យ​សត្វព្រៃ​នៅ​សួនសត្វ​មួយ​នេះ ក្លាយជា​របៀប​នេះ ? ថវិកាជាតិ​ក៏​មាន លុយ​ចំណូល​អ្នក​ទេសចរណ៍​ក៏​មាន តើ​អភិវឌ្ឍន៍​បាន​ស្អី​ខ្លះ​ហើយ ? សត្វ​ឡើង​ស្គម​ៗ ដល់​ថ្នាក់​សូ​ម្បី​តែ​សត្វ​ជ្រូកព្រៃ​ក៏​ស្គម​ចេញ​ឆ្អឹងជំនីរ​ដែរ ចប់​ហើយ មើលទៅ​ពិតជា​វេទនា​ភ្នែក​ខ្លាំង​ណាស់ បើ​ថា ចិញ្ចឹម​ពួក​វា​ពិបាក​ពេក ព្រ​លែង​ពួក​វា​ឲ្យ​អស់​ទៅ យក​ពួក​វា​មក​ដាក់​ក្នុង​ទ្រុង​ហើយ សូ​ម្បី​តែ​ឲ្យ​គ្នា​រស់នៅ​ស្រួល​បន្តិច​ក៏​មិន​បាន​ដែរ គួរតែ​ព្រ​លែង​ពួក​វា​ឲ្យ​រស់នៅ​តាម​យថាកម្ម​ចុះ បើ​យក​វា​មក​ចិញ្ចឹម ដាក់​វា​ក្នុង​ទ្រុង​ហើយ នៅ​ធ្វើ​ឲ្យ​ពួក​វា​រស់នៅ​វេទនា​ភ្នែក​យ៉ាងនេះ​ទៀត​។ ត្រូវ​គេ​យក​មក​ដាក់​ក្នុង​ទ្រុង​រស់នៅ​គ្មាន​សេរីភាព​ហើយ ត្រូវ​រស់នៅ​យ៉ាង​វេទនា​ទៀត​… កុំ​ថា​ឡើយ​ភ្ញៀវ​ទេសចរ​បរទេស សូ​ម្បី​តែ​ទេសចរណ៍​ខ្មែរ​គ្នា​ឯង ក៏​លែង​ចង់ទៅ​លេង​សួនសត្វ​អស់នោះ​ដែរ ទៅ​លេង​អី បើ​ទៅ​លេង​មិន​បាន​សប្បាយចិត្ត​ផង បែរជា​បានចិត្ត​ឈឺចាប់​អាណិត​សត្វព្រៃ​នៅ​នោះ​យ៉ាងនេះ ទៅ​លេង​វា​អី បើ​ទៅ​ដល់​ឃើញ​វា​វេទនា​យ៉ាងនេះ យើង​អ្នក​ទៅ​មើល​ឈឺចាប់​ជំនួស​ពួក​វា​ទៀត ។

ដូច​គ្នា​នេះ​ដែរ ក៏​មាន​មតិ​ផ្សេង​ទៀត​លើក​ឡើង​ថា «​សូម​ឯកឧត្តម វេ​ង សុ​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ចុះ​មក​ពិនិត្យ​មើល​សត្វ​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផង កុំ​ជឿ​លើ​របាយការណ៍​របស់​ប្រធាន​សួនសត្វ​ពេក ។ សត្វ​អត់​មានអី​ស៉ី​ឈឺ​ស្គម​ជិត​ងាប់​អស់ហើយ អាណិត​ជីវិត​សត្វ​ផង ។ ម្យ៉ាងទៀត​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ឯកឧត្តម អាច​ឆ្លៀតពេល​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ដើម្បី​ពង្រឹង​ការ​ថែទាំ​សត្វ​នៅ​សួនសត្វ​នេះ ។ បើ​សត្វ​ឈឺ​ដូច​មាន​សរសេរ​ក្នុង​របាយការណ៍ គួរ​បញ្ជូន​ពេទ្យសត្វ​ទៅ​ព្យាបាល​អោយ​មាន​ប្រសិទ្ធិ​ភាព​ផង​» ៕