ភ្នំពេញ ៖ កម្មការិនីធ្វើការនៅរោងចក្រហៃតាន់អេចប៊ី ខេមបូឌា ម្នាក់ ក្រោយត្រឡប់ពីស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ចូលធ្វើការទើបបាន២ថ្ងៃ ស្រាប់តែកើតជំងឺខ្យល់គរដួលសន្លប់លែងដឹងខ្លួន លុះពេលគេដឹកបញ្ជូនទៅមន្ទីរពេទ្យបំណងជួយសង្រ្គោះ និងក្រោយពីគ្រូពេទ្យពិនិត្យរួច ទើបដឹងថានារីរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សពនារីរងគ្រោះ ស្ថិតក្នុងមន្ទីរសម្រាកព្យាបាលសុខលាភទួលសង្កែ ក្នុងភូមិទួកសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។


កម្មការិនីរងគ្រោះដែលកើតជំងឺខ្យល់គរដួលស្លាប់ពេលកំពុងធ្វើការនេះ មានឈ្មោះ ឈន ចន្ធូ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ទូលសង្កែទី១ ខណ្ឌស្សីកែវ រាជធានីភ្នំពេញ ។
កម្មការិនីម្នាក់ដែលធ្វើការជាមួយជាមួយកម្មការិនីរងគ្រោះ បានឲ្យដឹងថា កម្មការិនីរងគ្រោះ ទើបតែត្រឡប់មកពីស្រុកកំណើត ហើយចូលធ្វើការទើបតែបាន២ថ្ងៃប៉ុណ្ណោះ។ មុនពេលកើតហេតុ នារីរងគ្រោះចូលធ្វើការជាធម្មតា លុះដល់វេលាកើតហេតុ ស្រាប់តែបានដួលសន្លប់លែងដឹងខ្លួនតែម្តង ត្រូវបានគេដឹកបញ្ជូនមកមន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីធ្វើការសង្គ្រោះ ។ លុះពេលក្រុមគ្រូពេទ្យពិនិត្យរួច ទើបដឹងថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះ រកឃើញថា នារីរងគ្រោះពិតជាស្លាប់ដោយសារកើតជំងឺខ្យល់គរមែន រួចបានប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕