ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការ ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននូវទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា តាមរយៈជំនួយឥតសំណងនេះ ជប៉ុននិងសាងសង់ស្ថានីយន៍ ប្រព្រឹត្តិកម្ម ទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯកភាគខាងត្បូងរាជធានីភ្នំពេញ ហើយជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថាន រស់នៅក្នុងប្រទេសកម្ពុជា៕