ជាទូទៅមនុស្សយើងគ្រប់ៗរូបតែងតែទម្លាប់រស់នៅប្រចាំថ្ងៃរៀងៗខ្លួន គ្រាន់តែអ្នកខ្លះមានទម្លាប់ល្អ ចំណែកអ្នកខ្លះមានទម្លាប់មិនសូវល្អ។ ប៉ុន្តែមានទម្លាប់មួយចំនួនដែលបំផ្លាញសុខភាពយើងដោយប្រយោល អាចនឹងឈានទៅរកការប៉ះពាល់ដល់អាយុ ជីវិតទៀតផង។

 

តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ នឹងបង្ហាញឱ្យដឹងពីទម្លាប់សាមញ្ញៗ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពបន្តិចម្ដងៗ ដូចតទៅ៖

១. ទុកកាបូបលុយក្នុងហោប៉ាវក្រោយ

ទម្លាប់នេះជះឥទ្ធិពលមិនល្អសោះឡើយចំពោះឆ្នឹងខ្នងដែលកើតឡើងនៅពេលអ្នកអង្គុយលើកាបូបលុយបង្កភាពមិនស្មើគ្នា។

២. អង្គុយពេញមួយថ្ងៃ

ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ការអង្គុយយូរៗពេកក្នុងមួយថ្ងៃអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។

៣. គេងច្រើនពេក

ការគេង គឺចាំបាច់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរគេងលើសពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឡើយ! ក៏ព្រោះវាអាចបង្កជាផលប៉ះពាល់ជំនួសវិញ។ ការគេងច្រើនពេកជាប្រចាំត្រូវបានផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ជ្រុល និងការថយចុះនៃមុខងារខួរក្បាលជាដើម។

៤. ទទួលទានអាហារលឿនពេក

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទាន ឬទំពារអាហារលឿនពេកអាចបណ្ដាលអោយកើតមានបញ្ហាសុខភាពជាច្រើន។ ក្រៅពីជះឥទ្ធិពលដល់ទម្ងន់ហើយនោះ ការទទួលទានលឿនក៏បង្កើនហានិភ័យនៃជំងឹបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ អ្នកដែលទទួលទានលឿនច្រើនតែទទួលទានច្រើនជ្រុលនោះក៏ព្រោះតែជាធម្មតាខួរក្បាលត្រូវការរយៈពេលជាមធ្យម ២០ នាទីពីពេលដែលអ្នកចាប់ផ្ដើមទទួលទានដើម្បីបញ្ជូនសញ្ញាថាឆ្អែត។

៥. ដុសធ្មេញភ្លាមៗក្រោយទទួលទានរួច

ការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាមអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពធ្មេញ។ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយទទួលទានអាហារសិនមុន​ នឹងដុសសម្អាតធ្មេញ។ ធ្មេញរបស់យើងទទួលបានការការពារពីកាចា ហើយជាតិអាស៊ីតដែលត្រូវបានបង្កើតឡើងពីអាហារផ្សេងៗធ្វើអោយកាចាធ្មេញចុះខ្សោយ ដូច្នេះប្រសិនបើដុសធ្មេញភ្លាមក្រោយទទួលទាននោះធ្មេញនឹងងាយទទួលរងផលប៉ះពាល់។

៦. ត្បារត្រចៀក

ការសម្អាតត្រចៀកជាមួយសំឡីត្បារត្រចៀកផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ នោះក៏ព្រោះតែការប្រើប្រាស់សំឡីត្បារត្រចៀកមិនត្រឹមត្រូវអាចរុញអាចម៍ត្រចៀកចូលក្នុងកាន់តែជ្រៅ។ វាក៏អាចបង្ករោគឆ្លងក្នុងត្រចៀក រលាក និងហ៊ឹងត្រចៀកផងដែរ​​ ៕