ភ្នំពេញ៖ សូមគាំទ្រពេញទំហឹង! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។

យុទ្ធនាការនេះត្រូវបានប្រកាសក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

ទន្ទឹមនឹងការប្រកាសបែបនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថា មានអំបុកហូបគ្រប់គ្នា នៅថ្ងៃទី៩ វិច្ឆិកា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក៏ចំនឹងថ្ងៃកំណត់ដែល ទណ្ឌិត សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធនាការទទួលទាននំបញ្ចុកទូទាំងប្រទេសផងដែរ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដោយក្នុងនោះមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្តាគណបក្សនយោបាយ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើន បានចូលរួមទទួលទាននំបញ្ចុកនេះ៕