ខេត្តកំពង់ធំ ៖ ករណីរថយន្ដបាឡែន១គ្រឿង ដែលជួបគ្រោះថ្នាក់ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សស្លាប់ទាំង៥នាក់ នៅក្នុងរថយន្ត នៅចំណុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ វេលាម៉ោង៤ និង២០នាទីទៀបភ្លឺ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ គឺមកពីរថយន្តខាងលើ បើកលឿនពេក លុះដល់ចំណុចកើតហេតុ ដែលផ្លូវមានសភាពកោង ធ្វើឲ្យអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ធ្លាក់ផ្លូវក្រឡាប់តែម្តង។


តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដដែលជួបគ្រោះថ្នាក់ក្រឡាប់នោះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6715 ។


ជនរងគ្រោះដែលស្លាប់ទាំង៥នាក់ ក្នុងហេតុការណ៍នេះ ទី១-ឈ្មោះឌុក វល្ល័ក្ខ ភេទស្រី ជាមន្ដ្រីនគរបាល នៅនាយកដ្ឋានក្រសួងមហាផ្ទៃ អ្នកបើកបររថយន្ត ។ ទី២-ឈ្មោះអួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អ្នករួមដំណើរ ។ ទី៣-ឈ្មោះឡាច ស្រីម៉ុម ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ អ្នករួមដំណើរ ។ ទី៤-ឈ្មោះដុក ចាន់វលក្ខ័ណ៌ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅបឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករួមដំណើរ ។ និងទី៥-អ្នករួមដំណើរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (ប្រុស)។


ក្រោយកើតហេតុ គេឃើញវត្ដមានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានទៅចូលរួមអន្ដរាគមន៍ផ្ទាល់ ចាត់ចែងជួយស្វែងរកក្រុមគ្រួសារឲ្យដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្ត ដើម្បីស្រាវជ្រាវដល់ដំណឹងទៅសាច់ញាតិមកទទួលដឹកសពយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕