រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដើម្បី​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ការពារ «​ជាតិ សាសនា ព្រះមហាក្សត្រ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា សូម​ទទួលទាន​អំបុក​“​អកអំបុក​” ទាំងអស់​គ្នា​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ( BELTEI International University) សរុប​១១៨៣ នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ ។

ស្រប​ពេល​ប្រកាស​បែប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ទៅ​កាន់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​ទាំងអស់ ត្រូវ​រៀបចំ និង​ធានា​ឱ្យ​បាន​ថា មាន​អំបុក​ហូប​គ្រប់​គ្នា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ វិច្ឆិកា ដើម្បី​ចូលរួម​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ៕