ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាបានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងយន្តការអនុវត្តការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា និងមានការអញ្ជើញចូលរួម លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ។លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ក៏បានឡើងរាយការណ៍អំពីស្ថានភាពទូទៅ អំពីវិស័យអប់រំនៅក្នុងខេត្តព្រៃវែងដោយនៅក្នុងឆ្នាំ ២០១៩ នេះវិស័យអប់រំនៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសិស្សបានប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ប្រឡងជាប់និទេស A ចំនួន ២៧ នាក់ ដែលមានការកើនឡើងជាងឆ្នាំកន្លងទៅ។

នៅក្នុងនោះដែរលោក ស៊ឺ ទ្រី អនុប្រធាននាយកដ្ឋានយុវជន បានលើកឡើងថាការរៀបចំសិក្ខាសាលាស្តីពីការពង្រឹងយន្តការអនុវត្តលើការងារក្រុមប្រឹក្សាកុមារកម្ពុជា និងការងារក្រុមប្រឹក្សាយុវជនកម្ពុជានៅពេលនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំកុមារនិងយុវជនបង្កើនការវិភាសារសិក្សាស្វែងយល់ទៅវិញទៅមក អំពីវិធីសាស្ត្រក្នុងការជួយជំរុញពង្រឹង និងពង្រីក ការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនឲ្យកាន់តែដំណើរការល្អបន្ថែមទៀតនៅគ្រប់រាជធានីខេត្ត។ លោកបានបន្តទៀតថា ក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជាគឺជាយន្តការមួយយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់បំពេញបេសកកម្មនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេសដែលក្រុមប្រឹក្សានេះមានភារកិច្ចជួយការងារក្នុងសាលារៀន និងផ្ដល់ឱកាសឲ្យកុមារ និងយុវជនបានសិក្សារៀនសូត្របន្ថែមពីការងារដែលកើតមានឡើងនៅក្នុងសាលារៀន ជាក់ស្ដែងទាក់ទងទៅនឹងសកម្មភាពហ្វឹកហាត់ ដឹកនាំ និងគាំទ្រដើម្បីអភិវឌ្ឍបំណិន ទទួលខុសត្រូវ ត្រិះរិះពិចារណា ដោះស្រាយបញ្ហា និងទំនាក់ទំនងបន្ទាប់ពីការសិក្សាមុខវិជ្ជាក្នុងថ្នាក់រៀន។

លោកបានបន្តទៀតថា ការបង្កើតក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នាពេលនេះក្នុងគោលបំណងដើម្បីសម្របសម្រួលជួយការងារសាលារៀនព្រមទាំងអាចអភិវឌ្ឍន៍កុមារ និងយុវជនឱ្យមានឥរិយាបថល្អ ចេះស្រលាញ់ជាតិមាតុភូមិ សាសនា វប្បធម៌ ប្រពៃណី បរិស្ថាន និងរៀនធ្វើការងារជាបុគ្គល ជាដៃគូ និងជាក្រុម ដោយហ៊ានបញ្ចេញមតិយោបល់ធ្វើសកម្មភាពនានាដោយស្ម័គ្រចិត្ត និងច្នៃប្រឌិតព្រមទាំងលើកកម្ពស់ការយល់ដឹង និងអនុវត្តសិទ្ធិនិងគោលការណ៍ប្រជាធិបតេយ្យព្រោះរួមទាំងបណ្ដុះស្មារតីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សេងៗ ការសេពគ្រឿងញៀន ការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកំលាំងពលកម្មនិងអំពើហិង្សា។

ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ លោក លោកស្រីជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ក៏ដូចជាគណៈកម្មាធិការរៀបចំអង្គសិក្ខាសាលាដែលបានយកចិត្តទុកដាក់លើការងារខំប្រឹងប្រែងយកអស់ពីសមត្ថភាពនៅយន្តការអនុវត្តការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា និងបានជួយជ្រោមជ្រែងដល់ដំណើរការអង្គសិក្ខាសាលានាពេលនេះ។

ឯកឧត្តមក៏បានបន្តទៀតថា ជាការពិតណាស់ក្រុមប្រឹក្សាកុមារយុវជនកម្ពុជាមាននៅគ្រប់គ្រឹះស្ថានសិក្សានានាទូទាំងប្រទេសនិងបានដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំយុវជន និងកីឡា កុមារ យុវជន ជាសមាជិកក្រុមប្រឹក្សាកុមារ យុវជនកម្ពុជា បានទទួលចំណេះដឹងថ្មីៗបន្ថែមលើចំណេះដឹងទូទៅនៃការអប់រំក្នុងប្រព័ន្ធ និងអភិវឌ្ឍន៍បាននូវជំនាញទន់ដែលជាតម្រូវការទីផ្សារការងារនិងសកម្មភាពផ្សេងៗនៃជីវភាពរស់នៅក្នុងសង្គម។

ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងនូវគំនិតផ្តូចផ្តើមដ៏សំខាន់ជាយុទ្ធសាស្ត្រគន្លឹះមានចំនួន ៤ ចំណុច

ទី១ ពង្រឹងយន្តការក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ដើម្បីជំរុញការអនុវត្តចលនានៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។

ទី២ ផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំលេខ ៤០៦ អយក.សណន និងវិធានការត្រួតពិនិត្យតាមដានការបូកសរុបវាយតម្លៃកម្រិតស្នាដៃចំពោះបុគ្គល និងអង្គភាពប្រកបដោយលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ។

ទី៣ ឲ្យយល់អំពីការងារគ្រប់គ្រងយន្តការអនុវត្តជាក់ស្ដែងតាមសាលារៀនឱ្យមានគុណភាព។

ទី ៤ បណ្តុះ បណ្ដាល មន្ត្រីឲ្យយល់អំពីឯកសារគាំទ្រការអនុវត្តក្រុមប្រឹក្សាកុមារសៀវភៅស្ដីពីកម្មវិធីសាលាកុមារមេត្រី សមាសភាពទី ៥ ការចូលរួមរបស់កុមារគ្រួសារនិងសហគមន៍។