បបូរមាត់ គឺជាផ្នែកមួយដ៏ទាក់ទាញ ពោរពេញទៅដោយមន្ដស្នេហ៏ មិនថានៅពេលដែលយើងនិយាយ សើច ឬញញឹម គឺសុទ្ធតែបបូរមាត់ជាអ្នកធ្វើសកម្មភាពទាំងស្រុង នៅពេលដែលបបូរយើងស្អាតយើង នឹងមានទំនុកចិត្តគ្រប់ពេល។

ក៏ដូចជាបបូរមាត់ស្ងួតប្រេះមិនត្រឹមតែជាបញ្ហាគួរឲ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំងនិងមានហូរឈាមទៀតផង។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាបបូរមាត់ស្ងួតអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាស្ងួតប្រេះបបូរមាត់ ៖

១. កម្ចាត់កោសិកាងាប់ៗចេញជាមួយស្ករនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ កូរអោយសព្វ សឹមលាបដុសល្បាយថ្នមៗលើបបូរមាត់ ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. បំបាត់ការឈឺចាប់ជាមួយទឹកឃ្មុំ

ក្រៅពីបំបាត់ការឈឺចាប់ ទឹកឃ្មុំក៏ជួយរក្សាសំណើមបបូរមាត់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំតិចៗលើបបូរមាត់ជាការស្រេច។

៣. ផ្ដល់សំណើមដល់បបូរមាត់ជាមួយប្រេងដូង

គ្រាន់តែលាបប្រេងដូងបន្តិចលើបបូរមាត់ ហើយអ្នកនឹងទទួលបានបបូរមាត់ទន់រលោងជាទីគាប់ចិត្ត។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់លើបបូរមាត់ឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។

៥. ប្រើប្រាស់ប្រេងអូលីវ

ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរលាបម៉ាស្សាប្រេងអូលីវបន្តិចលើបបូរមាត់នៅរាល់ពេលមុនចូលគេង។

៦. ព្យាបាលបបូរមាត់ស្ងួតប្រេះជាមួយត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះត្រសក់ស្ដើងមួយដុសថ្នមៗលើបបូរមាត់។ ទុកអោយទឹកត្រសក់ជាប់លើបបូរមាត់សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា ៕