ខេត្តតាកែវ ៖ ថ្មីៗនេះដើម្បីលើកទឹកចិត្តដល់សិស្សស្រីក្រីក្រមួយរូប ដែលមានតែម្តាយជាអ្នករើសអេតចាយក្រខ្សត់ខ្លាំង តែកូនស្រីតស៊ូរៀនសូត្ររហូតប្រឡងជាប់បាក់ឌុប បាននិទ្ទេសA លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿង និងថវិកាចំនួន៤លានរៀលបន្ថែមទៀត ។


យុវតីដែលប្រឡងជាប់បាក់ឌុប បាននិទ្ទេសA ក្នុងឆ្នាំ២០១៩នេះ ឈ្មោះ ស៊ាង វ៉ាន់ថង ជាសិស្សវិទ្យាល័យ សុខ អាន ទន្លាប់ ស្រុកគីរីវង់ រស់នៅក្នុងគ្រួសារក្រីក្រ មានតែម្តាយជាស្រ្តីមេម៉ាយ ប្រកបមុខរបរ ដើររកអេតចាយលក់ នៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ។


លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត មានប្រសាសន៍ថា ជំនួយនេះផ្តល់ជូនជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្ររបស់ប្អូនស្រី និងជួយដល់ជីវភាពរស់នៅរបស់គ្រួសារក្មួយស្រីដែលកំព្រាឪពុក រស់នៅជាមួយម្តាយមេម៉ាយក្រីក្រ តស៊ូចិញ្ចឹមកូនអោយរៀនសូត្រទាំងជីវភាពលំបាក។


យុវតីស៊ាង វ៉ាន់ថង និងម្ដាយ មានក្ដីរំភើយរហូតដល់ស្រក់ទឹកភ្នែក និងបានគោរពថ្លែងអំណរគុណរកអ្វីប្រៀបផ្ទឹមពុំបានចំពោះទឹកចិត្តសប្បុរសរបស់លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ដែលបានជួយឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងនិងបន្ថែមប្រាក់៤លានរៀលទៀត ហើយបានគោរពជូនពរលោកឧកញ៉ាព្រមទាំងគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការ ៕