សណ្ដែកសៀង​គឺជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​បាន​យក​ទៅ​កែច្នៃ​ផលិត​ចេញ​ជា​ម្ហូបអាហារ ព្រមទាំង​ឱសថ ព្រោះ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ សណ្ដែកសៀង​ជា​ដំណាំ ដែល​អាច​លូតលាស់​បាន​ស្ទើរ​គ្រប់​រដូវ​នៅ​ក្នុង​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្ដៅ ហើយ​វា​ជា​ប្រភេទ​ដំណាំ​ដែល​មិន​ប្រកាន់​រដូវ​នោះ​ទេ ។

 ​១/. ការរៀបចំ​ដាំ​ដុះ ៖
– រៀបចំ​ចាក់ដី​ដែល​មាន​លាយ​ជីកំប៉ុស្ត ឬ​លាមក​សត្វ ចូល​ក្នុង​ផើង​ដំណាំ​
– យក​គ្រាប់​ពូជ មក​ដាំ ដោយ​ក្នុង​រណ្តៅ ត្រូវដាក់​២​គ្រាប់ កប់​ក្នុង​ជម្រៅ​៣​ទៅ​៤​សង់ទីម៉ែត្រ​
– គួរ​រក្សាទុក​ផើង​ដំណាំ នៅក្បែរ ជិត​ប្រភពទឹក និង​នៅ​ទី​វាល គ្មាន​ម្លប់​

​២/. ការថែទាំ ៖
– សណ្តែកសៀង ត្រូវការ​ទឹក​ដោយ​មិន​អាច​ខ្វះ​បាន ជា​មធ្យម​នៅ​វគ្គ​លូតលាស់​ដើម​ស្លឹក វគ្គ​ចេញ​ផ្កា និង​ដាក់​គ្រាប់
– កុំ​ស្រោច​ទឹក​ជោគជាំ​ពេក ព្រោះ​សណ្តែកសៀង ជា​ដំណាំ​មិន​ធន់​នឹង​ការ​លិច​ទឹក​ទេ​
– ឧស្សាហ៍ជ្រុំ​បំផុសដី ដក​ស្មៅ ដើម្បី​បំបាត់​ជម្រក​សត្វល្អិត ជំងឺ និង​ការប្រកួតប្រជែង​ដណ្តើម​ជីជាតិ​ពី​ដី​
– ការ​ជ្រុំដី ត្រូវ​ជ្រុំ​ឱ្យ​ផុស​ស្រទាប់​លើ ហើយ​កាយ​ប្រមូល​ដី ពូន​គល់​សណ្តែកសៀង ក្រោយ​ពី​ដាំ​បាន​១៥​ទៅ​២០​ថ្ងៃ​

​៣/. ការប្រមូល​ផល ៖

ក្រោយ​ពី​ដាំ​បាន​រយៈពេល​៣​ទៅ​៤​ខែ (​អាស្រ័យ​តាម​ពូជ​) យើង​អាច​ប្រមូល​ផល​បាន ដោយ​ពិនិត្យ​ទៅ​លើ​ការប្រែប្រួល ដើម​ស្លឹក​ដូចជា
– ដើម ស្លឹក មាន​ពណ៌​លឿង ប្រមាណ​៩០​ភាគរយ​
– ស្លឹក ផ្នែក​ខាងក្រោម មាន​ពណ៌​លឿង ជ្រុះ​ធ្លាក់​បន្តបន្ទាប់​
– សំបក​ផ្លែ​រលុង ហើយ​គ្រាប់​ភ្លឺ​ណែន​រលោង​
– ការប្រមូល​ផល​យឺត ធ្វើ​ឱ្យ​ផ្លែ​របើក​សំបក​ជ្រុះ​គ្រាប់​ចោល​
– ការប្រមូល​ផល ត្រូវ​ប្រើ​កណ្តៀ​វ ឬ​កាំបិត​ច្រូតកាត់​ដើម ដាក់​រាយ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ល្អ រួច​យក​ដំបង​គោះ​បំបែក​យក​គ្រាប់​

​៤/. ការ​រក្សាទុក​ពូជ ៖
– គ្រាប់​សម្រាប់​ទុក​ពូជ ត្រូវ​រែង​ទុក​ឱ្យ​ស្អាត ហាលថ្ងៃ​លើ​កន្ទេល​រយៈពេល​៣​ទៅ​៤​ថ្ងៃ រហូត​ដល់​សំណើម ក្នុង​គ្រាប់​ធ្លាក់ចុះ​នៅ​សល់​១៣​ទៅ​១៤​ភាគរយ ។​
– ច្រក​ទុកដាក់​ក្នុង​ថង់ ឬ​បាវ​រក្សាទុក​កន្លែង​ស្ងួត មាន​ខ្យល់​ចេញចូល​ល្អ ​៕