ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដាក់អនុសាសន៍ឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាមគោលដៅទេសចរណ៍នីមួយៗ ដោយត្រូវសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន រៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួង។

ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល៩ខែ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ថោង ខុន បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិចាប់ពីថ្ងៃ២៧-២៨-២៩ កញ្ញា ត្រូវខិតខំសហការជាមួយក្រសួងធម្មការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារ។

លោកក៏បានណែនាំប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរហ្មត់ចត់ នៅតាមគោលដៅទេសចរណ៍នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រៅពីអនុសាសន៍នេះ លោករដ្ឋមន្ត្រីបានដាក់ចេញការងារសំខាន់ៗមួយចំនួន ដែលក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពផងដែរ៕