ភ្នំពេញ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរតាមផ្លូវមិនចាប់អារម្មណ៍រឿងគ្រោះសថ្នាកើ ស្រាប់តែមានរថយន្តដឹកដបទឹកសុទ្ធ១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីកំណើតនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ សព្វថ្ងៃ រស់នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកយានយន្តពាក់ព័ន្ធមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ។ ពេលនេះ សមត្ថកិច្ចធ្វើការទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកទទួលយកសពជនរងគ្រោះ ដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕