ភ្នំពេញ៖ បុរស២នាក់ ចូលផឹកកាហ្វេ ចេញមកវិញច្រឡំម៉ូតូជិះទៅផ្ទះបាត់រៀងខ្លួន អស់១យប់១ថ្ងៃ ទើបដឹងថាជិះម៉ូតូច្រឡំគ្នា បានទៅប្តឹងសមត្ថកិច្ចរៀងៗខ្លួន រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ទើបរកគ្នាឃើញរួចដូរយកម៉ូតូវិញ នៅចំពោះមុខសមត្ថកិច្ច ។
បុរសទី១ ឈ្មោះ ទូច ទិវា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯបុរសទី២ ឈ្មោះ យ៉ង់ សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បុរសទី១ ឈ្មោះទូច ទិវា ជិះម៉ូតូ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-7001 និងបុរសទី២ ឈ្មោះ យ៉ង់ សុខុម (មិនធ្លាប់ស្គាល់គ្នា) ជិះម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-4932 មកផឹកកាហ្វេនៅហាងមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយចតម៉ូតូទុកជាប់គ្នាចាក់សោកត្រឹមត្រូវដូចគ្នា ។ លុះដល់វេលាម៉ោង១០ ព្រឹកថ្ងៃដដែល បុរសទី១ឈ្មោះ ទូច ទិវា ក៏ចាក់សោជិះយកម៉ូតូបុរសទី២ ស៊េរី២០០៨ទៅបាត់ ទាំងមិនដឹងខ្លួនថាច្រឡំនោះទេ។


លុះបុរសទី២ ឈ្មោះ យ៉ង់ សុខុម ចេញមកតាមក្រោយ មិនឃើញម៉ូតូខ្លួន តែឃើញម៉ូតូ ស៊េរី២០១០ រង់ចាំគេមកដូរវិញ ចាំបាត់ៗ អស់៣ម៉ោង ក៏សម្រេចចិត្តចាក់សោត្រូវដែរ ក៏ជិះយកទៅប្តឹងនគរបាលប៉ុស្តិ៍ នៅជាប់នោះតែម្តង ។
ដោយឡែកបុរសទី១ ក្រោយពីច្រឡំជិះម៉ូតូទៅធ្វើការរហូតទល់ល្ងាច គ្មានចាប់អារម្មណ៍ ជិះទៅដល់ផ្ទះ ឃើញម៉ូតូប្រឡាក់ភក់ ហើយបាញ់ទឹកលាងយ៉ាងស្អាត នៅតែមិនចាប់អារម្មណ៍ទៀត លុះដល់ព្រលប់ បណ្តើរម៉ូតូ ដើម្បីចូលផ្ទះ ទើបក្រឡេកឃើញស្លាកលេខម៉ូតូ ទើបដឹងខ្លួនថា ច្រលំម៉ូតូគេ ក៍ចាប់ផ្តើមភ័យ មានតែជិះទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ តែម្តង ។
ក្រោយពីប្តឹងសមត្ថកិច្ចរៀងខ្លួនហើយ ភាគីទាំងសងខាង មិនដឹងថាទៅរកម្ចាស់នៅឯណា មានតែថតបង្ហោះហ្វេសប៊ុក ហើយក្រោយមក ក៍រកមុខគ្នាឃើញតាមហ្វេសប៊ុក ទើបនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា បុរសទាំងសងខាងបានណាត់ជួបគ្នាយកម៉ូតូទៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសុំទោសគ្នាទៅវិញទៅមក ហើយដូរម៉ូតូគ្នាវិញចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿង៕