ដំណាំសណ្ដែកគួរ ជាដំណាំដែលប្រជាកសិករនិយមដាំ និងបរិភោគព្រោះវាមានរសជាតិឆ្ងាញ់ និងសម្បូរជីវជាតិសម្រាប់ទ្រទ្រង់សារពាង្គកាយមានដូចជា ជាតិទឹក ប្រូតេអ៊ីន ខ្លាញ់ កាបូនអ៊ីត្រាតនិងកាល់ស្យូម។
ឥលូវនេះសណ្ដែកគួរយើងអាចយកវាទៅដាំនៅក្នុងផើងបានយ៉ាងងាយស្រួលបំផុត ហើយផលក៏ទទួលបានល្អ ថែមទាំងបានបរិភោគបន្លែគ្មានជាតិគីមីទៀត។ វិធីនេះពិតជាល្អចំពោះបងប្អូនណាដែរគ្មានដីធំទូលាយ និងគ្មានពេលគ្រប់គ្រាន់ រឹតតែពិសេសចំពោះបងប្អូនដែររស់នៅក្នុងទីក្រុង។
+មុនដាំដុះ
-ត្រូវរកដីដែលមានជីជាតិ ផុសល្អ
បើដីធម្មតា ត្រូវបំបែកលាយជាមួយកម្ទេចស្លឹកឈើ
រួចហាលដីចោលរយៈពេល១សប្តាហ៍ (ត្រូវចាំថា ដីដាំដំណាំ
ត្រូវតែជាដីផុសជានិច្ច)
-ត្រូវរៀបចំរកផើងដំណាំ ដែលមានទំហំធំល្មម
ដែលអាចឱ្យដំណាំសណ្តែកអាចចុះឫសបានល្អ ។
-រៀបចំកំណាត់ឫស្សី ដើម្បីធ្វើជារង
ឱ្យសណ្តែកអាចវាតោងឡើងបាន
-គ្រាប់ពូជសណ្តែកកួរ ដែលមានទំហំធំ ថ្លោសល្អ
និងមានសុខភាពល្អ ឬយើងអាចរកទិញបានពូជនៅផ្សារកសិកម្មតែម្តង
+ការរៀបចំដាំដុះ
-ចាក់ដីដែលមានជីជាតិ លាយល្បាយជីកំប៉ុស្ត
ចូលផើងដំណាំឱ្យពេញល្មម
-ស្រោចទឹកឱ្យជោគ
-យកគ្រាប់ពូជមកដាក់ដាំក្នុងរណ្តៅដីក្នុងផើង
មួយគុម្ពពី២ ទៅ ៣គ្រាប់ពូជ និងដាក់ចន្លោះគុម្ពពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ
បន្ទាប់មករោយដីពីលើស្តើងៗ ហើយស្រោចទឹកឱ្យជោគ
-ត្រូវរក្សាដីឱ្យនៅមានសំណើមជាដរាប
បើកាលណាដីស្ងួត នឹងធ្វើឱ្យកូនសណ្តែកពិបាកលូតលាស់
-នៅពេលកូនសណ្តែកចាប់ផ្តើមដុះលូតលាស់
ត្រូវពិនិត្យមើលលើកូនដំណាំ
ដោយដកយកកូនសណ្តែកណាដែលពុំសូវមានសុខភាពល្អចេញ
រក្សាទុកតែសណ្តែកដែលធំថ្លោសល្អ
-យកកំណាត់ឫស្សី ប្រវែង ២ម៉ែត្រ ទៅ ២,៥ម៉ែត្រ ដោតឈមទល់មុខគ្នា នៅនឹងដីផ្ទាល់ពីលើផើងដំណាំ
នៅពេលកូនសណ្តែកមានស្លឹក ៤ ទៅ ៥សន្លឹក និងមានកម្ពស់ ១៥ ទៅ ២០ សង់ទីម៉ែត្រ
– រក្សាទុកផើងដំណាំ
នៅក្នុងទីតាំងដែលត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (កាលណា
កូនសណ្តែកអាចស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់
នោះនឹងធ្វើឱ្យសណ្តែករឹងមាំ)
– ក្រោយពេលដាំបាន ២០ ទៅ ២៥ ថ្ងៃ
ត្រូវរុំវាឱ្យជាប់នឹងកំណាត់ឫស្សីនោះ
+ការថែទាំ
-ស្រោចទឹកជាប្រចាំ រៀងរាល់ព្រឹក
(បើស្រោចនៅពេលថ្ងៃត្រង់ ល្ងាច ឬយប់ អាចនឹងធ្វើឱ្យដំណាំរលួយដើម)
-ត្រូវរក្សាសំណើមដីជានិច្ច កាលណាដីស្ងួត
នឹងធ្វើឱ្យអន់ដើម
-ឧស្សាហ៍ដាក់ជីកំប៉ុស្តនៅតាមគល់ដំណាំ
ហើយត្រូវស្រោចទឹកឱ្យជោគ
ឧស្សាហ៍ជំរះស្មៅឱ្យបានស្អាត ទោះបីជាគ្របគល់ដំណាំដោយចំបើងក្តី ដើម្បីបំផ្លាញទីជម្រករបស់សត្វចង្រៃ
+ការប្រមូលផល
-យើងអាចប្រមូលផលបាន នៅពេលសណ្តែកមានអាយុ ៣០ថ្ងៃឡើងទៅ (អាស្រ័យទៅតាមពូជសណ្តែក)
-សណ្តែកកួរ អាចផ្តល់ផលបានពី ១៥ ទៅ ១៨ដង ក្នុងមួយរដូវដាំដុះ ៕