ដំណាំទំពាំងបាយជូរ គឺជាប្រភេទដំណាំដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ទំពាំងបាយជូរមានពីរប្រភេទ គឺប្រភេទ ផលិតជាស្រាទំពាំងបាយជូរ (មានផ្លែតូចៗ ល្អិត តែផ្លែច្រើន) និង ប្រភេទសម្រាប់មនុស្សហូបផ្លែ (ផ្លែមានគ្រាប់ធំៗ)  ហើយពណ៌ចែកចេញជា ៣ពណ៌ គឺ ទុំខៀវ ទុំពណ៌ស្លាទុំ និង ទុំពណ៌ស្វាយក្រម៉ៅ។

បច្ចុប្បន្ននេះគេសង្កេតឃើញថា ដំណាំនេះមានការដំាំដុះតែនៅតំបន់មួយចំនួនតែប៉ុណ្ណោះ ពីព្រោះដំណាំប្រភេទនេះត្រូវការមានបច្ចេកទេសខ្ពស់ក្នុងការដាំ និងត្រូវចំណាយដើមទុនច្រើនចាប់តាំងពីអំឡុងពេលចាប់ផ្ដើមដាំ រហូតដល់ពេលទទួលផល។

១/. ប្រភេទដី ៖

– ប្រភេទដីទូល ដីមិនលិចទឹក ឬជាំទឹក

– ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់

– ដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ – បើដីហាប់ពេក ឬគ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង ឬបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឱ្យដីនោះធូរ និងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។

២/. ការភ្ជួរ និងធ្វើទ្រើង ៖

– ការរៀបចំដីខែវិច្ឆិកា ឬខែធ្នូ

– ភ្ជួរឱ្យបានច្រើនជើង ភ្ជួរលើកទីមួយ លើកទីពីរ ដើម្បីអោយដីកាន់តែសុះល្អ

– រៀបចំទ្រើងឱ្យដើមទំពាំងបាយជូរវាតោងឡើង

– រៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ។

៣/. របៀបដាំ

– គំលាតពីគុម្ពបួយទៅគុម្ពមួយប្រវែង ១ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ

-រៀបចំបណ្តាញទឹកតាមគាល់ ឬគុម្ពដែលបំរុងដាំកូនទំពាំងបាយជូរអោយបានគ្រប់រណ្តៅ

-បណ្តាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួច ពីព្រោះកូនទំពាំងបាយជូរដែលបានដាំរួចត្រូវបន្តក់ទឹកវាឱ្យបានរាល់ថ្ងៃ និងទៀងពេល

-ទំពាំងបាយជូរត្រូវការបន្តក់ទឹកបន្តិចម្តងៗតែប៉ុណ្ណោះ ក្នុងមួយគុម្ព

*តម្រូវការទឹក

-ដីកណ្តេង ត្រូវការដំណក់ទឹក ១០ លីត្រ

-ដីខ្សាច់ត្រូវការទឹក ១៥ លីត្រ។

៤/. ការរៀបចំទ្រើង៖

-ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ

-នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីកដីសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ( ៥០ ស.ម, ០,៥ម៉ែត្រ )

-យកជីលាមកសត្វ (គោ មាន់ ទា មួយណាក៏បាន) មួយអំរែក (បើមានអាចម៍ប្រចៀវកាន់តែប្រសើរ ) មកដាក់ក្នុងរណ្តៅ រួចលាយជាមួយដីអោយបានសព្វស្រទាប់លើ ចាំយកកូនទំពាំងបាយជូរមកកប់ដាំ

រង់ចាំរយៈពេលមួយសប្តាហ៍ កូនទំពាំងបាយជូរនឹងលូតលាស់បែកមែកច្រើនត្រួយ ជាពេលយើងត្រូវ គ្រៀវដើមវាចេញ។

៥/. វិធីគ្រៀវដើម ៖

-ប្រលះត្រួយចេញទុកតែត្រួយណាដែលលូតធំជាងគេឱ្យវាលួតតែឯងបានហើយ ដើម្បីឱ្យដើមធំលួតលាស់ល្អ

-ប្រវែង ៧ តឹក ត្រូវគ្រៀវ បំបែកមែក ដើម្បីឱ្យបែកមែកទៅឆ្វេងទៅស្តាំ ហើយយើងត្រូវការតែពីរទងនេះទេ។

៦/. ការប្រមូលផល៖

-រយៈពេល ៨ខែ ទៅ ៩ ខែអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយ ប៉ុន្តែ ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗចោល ដើម្បីការពារជំងឺយាយីដំណាំ ឬត្រួយស្លឹកដែលទើបលូតលាស់ថ្មី

-ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង។

សូមបញ្ជាក់ថាទំពាំងបាយជូរត្រូវតែដាំដោយជីធម្មជាតិសុទ្ធប្រសើជាងដាក់ជីគីមី ៕