ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជននិងកីឡានៅថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ២០១៩បាន ដឹកនាំ គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ា របស់បេក្ខជនដើម្បី ចាប់ផ្តើមដំណើរការ កោសល្យវិច្ច័យ លើ ក្រដាសកិច្ចការបេក្ខជនដែលបានដាក់ ពាក្យតវ៉ាលើលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ២០១៩ ដោយមានការ ចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

សូមរំលឹកថា កាលពីថ្ងៃទី១២កញ្ញាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ា របស់បេក្ខជនដើម្បីពិនិត្យនិងដោះស្រាយករណី ទាំងនោះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលយកលទ្ធផលនៃការប្រឡង។គណៈកម្មការនេះបង្កើតឡើងបន្ទាប់ពីមានបេក្ខជនប្រឡងធ្លាក់បាក់ ឌុបប្រមាណជាង២០០នាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងអប់រំ នារាជធានីភ្នំពេញ ក្នុងគោលបំណង ឲ្យសើរើរការបូកពិន្ទុឡើងវិញ។ក្រសួង អប់រំ យុវជន និង កីឡាបានអះអាងថា ខ្លួនមាន ការ ប្តេជ្ញា ចិត្ត ខ្ពស់ ក្នុង ការ ពិនិត្យ និង ដោះ ស្រាយ ការ តវ៉ារបស់បេក្ខជន ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ គោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន៕