ខេត្តកណ្តាល៖ បុរសម្នាក់ មុនពេលស្លាប់បាននិយាយជាមួយស្ត្រីជាម្តាយថា បើម៉ែឯងខឹងខ្ញុំ ខ្ញុំនឹងចុះចេញពីផ្ទះ រួចក៏ដើរចេញពីផ្ទះបាត់ឈឹង លុះពេលស្រ្តីជាម្តាយដើរតាមរក ស្រាប់តែឃើញកូនប្រុសចង.កនៅលើដើមស្វាយស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលឆោឡោទាំងក្តីរន្ធត់ជាពន់ពេក។
ករណីអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៩ នៅចំណុចលើដើមស្វាយដីចំការ ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ។
ជនរងគ្រោះដែលគិតខ្លីបញ្ចប់ជីវិតខ្លួនឯងនេះ មានឈ្មោះម៉េត មេឃ ភេទប្រុស អាយុ ២៤ឆ្នាំ មុខបរបុគ្គលិកកាស៊ីណូក្រោនជ្រៃធំ មានទីលំនៅៗ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រកកោះធំ ខេត្តកណ្តាល ។


ស្រ្តីឈ្មោះ ឈួន សារ៉ន អាយុ៥៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា រយៈកាលកន្លងមក កូនរបស់គាត់(ជនរងគ្រោះ) មានស្មារតីវង្វេង រវើរវាយ ហើយនៅពេលយប់ចេះតែរកចុះចេញពីផ្ទះ គាត់និងប្តីតែងតែ នៅយាមមើលថែទាំងយប់ទាំងថ្ងៃ រួចក៏ឈប់ទៅធ្វើការងារនៅកាស៊ីណូ ពេលនោះគាត់ជាម្តាយបាននាំកូនប្រុសយកទៅឲ្យព្រះសង្ឃស្រោចទឹក ជាញឹកញាប់តែមិនបានជាសះស្បើយ ។ លុះនៅវេលាម៉ោង ១៧.០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កូនប្រុសបានប្រាប់គាត់ថា «បើម៉ែឯងនៅខឹងខ្ញុំ ខ្ញុំចុះចេញពីផ្ទះហើយ» រួចជនរងគ្រោះក៏ចុះពីផ្ទះបាត់ទៅ។ មួយសន្ទុះក្រោយមក គាត់ជាម្តាយ ក៏ឲ្យកូនប្រុស របស់គាត់ម្នាក់ទៀតដើររក ស្រាប់តែមានអ្នកស្រុកមកប្រាប់ថា ឃើញកូនប្រុសគាត់ចង.កនៅលើដើមស្វាយស្លាប់បាត់ហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងបានរាយការណ៍ជូនអជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ។


សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីឃាតកម្មនេះភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូ ពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសព ។
ការពិនិត្យឃើញថា ជនរងគ្រោះមានស្លាកស្នាមទ្រុឌនៅកផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោម ទងត្រចៀកខាងស្តាំដល់ក្រោមទងត្រចៀក ខាងឆ្វេង ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទៀតឡើយ ។
សមត្ថកិច្ចជំនាញ ធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.ក ពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕