ភ្នំពេញ៖ ប្រតិបត្ដិការអូសទាញសាឡង់ដឹកខ្សាច់ ដែលកឿងជាប់សសរទី៣ នៃស្ពានព្រែកមាក់ ស្ថិតក្នុងខេត្តកណ្ដាល ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រង់ចាំទឹកស្រក ទើបបន្ដឡើងវិញ ក្រោយប្រើគ្រប់មធ្យោបាយតែមិនទទួលបាន ជោគជ័យ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីរសៀលថ្ងៃអាទិត្យទី៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានឧប្បទវហេតុមួយកើតឡើង ដោយសាឡង់ដឹកខ្សាច់មួយគ្រឿង ត្រូវបានកម្លាំងទឹកបោក ហើយបានកឿងជាប់នឹងជើងតាងនៃសសរស្ពាន ផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល។

សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រោយពីបូមខ្សាច់ចេញពីសាឡង់អស់ ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល អភិបាលខេត្តកណ្តាល តំណាងអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កងអន្តរាគមន៍អង្គរក្សសម្តេចតេជោ និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន ព្រមទាំងមានកិច្ច សហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការអូសសាឡង់ជាច្រើនលើកច្រើនសារ ហើយជម្រើសចុងក្រោយ ក្រុមការងារបានសរុបកម្លាំងរួមគ្នា អូសទាំងផ្លូវទឹក អូសទាំងលើគោក នៅតែមិនអាចអូសសាឡង់ខាងលើនេះបាន ដោយសារសម្ពាធទឹកខ្លាំងពេក។

សេចក្ដីប្រកាសព័ត៌មានដដែល បន្ថែមទៀតថាបន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពាន មកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់កឿងខាងលើ មិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ។ដូច្នេះក្រុមការងារ បានសម្រេចធ្វើការផ្អាក នូវប្រតិបត្តិការអូសសាឡង់ខាងលើនេះ ជាបណ្តោះអាសន្ន ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មីនៅពេលទឹកមានសភាព ធូរស្រាលឡើងវិញ៕