ដំណាំក្រូចឆ្មារ គឺជាដំណាំមួយប្រភេទដែលប្រជាកសិករទូទៅនៅក្នុងប្រទេសកម្ពុជានិយមដាំ និងបរិភោគ ស្ទើរតែគ្រប់ម្ហូបអាហារហើយដែលមិនអាចធ្វើដោយមិនមានក្រូច ហើយវាក៏មានសារៈប្រយោជន៏ចំពោះសុខភាពផងដែរ។

ជាទូទៅក្រូចឆ្មារត្រូវបានគេ ដាំដោយជីកដីដាំធម្មតាហើយផលវាបានល្អ​​ ឬក៏មិនល្អអាស្រ័យលើការថែទាំតែប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ​​ មានវិធីសាស្រ្ដមួយគឺការដាំក្រូចឆ្មារក្នុងលូ ដោយវិធីនេះមានភាពងាយស្រួល ហើយងាយនិងទទួលបានផលទៀតផង។ ដើម្បីឲ្យកាន់តែច្បាស់ជាងនេះទៅទៀត ក្រុមការងាររបស់យើងនិងបា្រប់ពីរបៀបដាំ ដូចខាងក្រោម៖

១-ការផ្សំដី៖
-៧០% នៃដីស្រែស្រទាប់លើ
-១០% អង្កាមដុតរោលៗកុំឲ្យខ្លោច
-១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ

-ជីលាមកប្រចៀវ ១គក្រ ក្នុងមួយគុម្ព
-ត្រូវលាយល្បាយខាងលើឲ្យសព្វ។
២-វិធីដាំ៖
-ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ

-បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២តឹក បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ
-ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ
-ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០%

-ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ
-ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា


-ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។

៣-ការថែទាំ៖
-ដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តង
-ពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ
-ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច

-ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង
-ធ្វើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗ
-រយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ) ៕