ភ្នំពេញ ៖ បុរសម្នាក់យកសំរាមទៅទុកចោលនៅមុខផ្លូវក្បែរហាងម៉ាស្សា បណ្តាលឲ្យទាស់ពាក្យសំដីដាក់គ្នា បង្កជាអំពើហិង្សាយកដុំថ្មគប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៩៤ នៅចំណុចហាងម៉ាស្សាយីហោវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះប៊ុន ណាទី ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ 11E1 ផ្លូវលេខ៩៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនបង្កមានឈ្មោះ អុក ផល្លា ហៅ អាវី ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំ ជាកូនប្រុសរបស់ថៅកែហាងម៉ាស្សា ខាងលើ។


ជនរងគ្រោះឈ្មោះប៊ុន ណាទី បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់គាត់បានយកសំរាមពីក្នុងផ្ទះយកទៅដាក់ខាងក្រៅផ្ទះ នៅមុខផ្លូវជាប់ក្បែរនឹងហាងម៉ាស្សាយីហោវត្តភ្នំ ក៏មានកូនប្រុសរបស់ថៅកែហាងខាងលើនេះ ចេញមកឈ្លោះ និងជេរប្រមាថឪពុករបស់គាត់ ហើយក៏ភ្លាមៗនោះដែរ គាត់ក៏បើកម៉ូតូកង់បីមកដល់កន្លែងកើតហេតុ ស្រាប់តែជនបង្កមានឈ្មោះ អុក ផល្លា ហៅ អាវី បានយកដុំថ្ម យកទៅគប់លើរូបគាត់ បណ្តាលឲ្យបែកចិញ្ចើមខាងស្តាំ ចេញឈាមស្រោចពេញមុខ រួចហើយក៏កើតជាការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង រហូតដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ រួមនឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះទៅហាមឃាត់កុំឲ្យប្រើហិង្សាតទៀត ។


ជនរងគ្រោះបានបញ្ជាក់ថា កន្លែងនេះគាត់ និងអ្នកភូមិ១១ទាំងអស់ ធ្លាប់ដាក់សំរាមជាយូរមកហើយ ហេតុអីបែរជាមិនឲ្យគាត់ដាក់ទៅវិញ ។
ចំណែកភាគីឈ្មោះ អុក ផល្លា ហៅអាវី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានរៀបចំធុងសំរាមដើម្បីឲ្យអ្នកភូមិទាំងអស់ កុំយកសំរាមមកបោះចោលនៅខាងមុខផ្លូវទៀត ដោយសារតែអត់មានអនាម័យ ទើបគាត់ធ្វើបែបនេះ លុះពេលឡានសំរាមមកដល់គឺមានខាងសន្តិសុខរបស់គាត់ជួយលើកធុងសំរាមយកទៅដាក់ខាងមុខ ដើម្បីចាក់ចោល ប៉ុន្តែបែរជាខាងភាគីខាងលើ មិនព្រមធ្វើតាម ហើយបែរជាចោទថា ខាងគាត់ចង់យកចំណីផ្លូវទុកប្រើប្រាស់តែម្នាក់ឯងទៅវិញ ហើយមួយណាទៀត ដោយសារតែលើកមុនខាងគ្រួសារហ្នឹង គាត់ធ្លាប់មានគំនុំឈ្លោះទាស់គ្នារយះពេលជាយូរមកហើយផងដែរ ។


ក្រោយពេលកើតហេតុ ខាងភាគីដែលរងគ្រោះបែកចិញ្ចើមខាងស្តាំគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕