ភ្នំពេញ ៖ ក្រោយពីមានករណីផ្ទុះជម្លោះរវាងពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ ដែលគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថតវីដេអូបង្ហោះពីសកម្មភាពរបស់ក្រុមសិល្បករ ដែលចាក់បាសរាំលេងនៅព្រលានយន្តហោះម៉ាឡេស៊ី រហូតដល់មានការប្រកែកពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក ជាមួយក្រុមលោកហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ផ្អើលពេញហ្វេសប៊ុក រហូតធ្វើឲ្យលោកខឹម វាសនា មិនសុខ ក៏ចេញមុខការពារសមាជិកបក្សរបស់ខ្លួន …។


យោងតាមគណនីហ្វេសប៊ុក លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសរបង្ហោះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ថា «ទីមួយ គេចោទថាដៀលខ្មែរទាំងអស់។ ពាក្យថាខ្មែរគឺសំដៅខ្មែរលើសពី៥០%ឡើងទៅ ឬខ្មែរទូទៅ តែមិនមែនខ្មែរទាំងអស់ទេ។ បញ្ហាខ្លាំងណាស់ដែលមនុស្សមិនយល់ន័យពិតនៃការប្រើភាសាខ្មែរ ហើយតាំងខ្លួនជាអ្នកការពារខែ្មរដោយយកមុខ និងដើម្បីលាងគំនុំនឹងក្រុមណាមួយ ដោយមួលចេតនារបស់អ្នកស្មោះត្រង់ដែលប្រើពាក្យខ្មែរនេះ។ ការទទួលយកការពិតដែលជាចំនុចមិនល្អ មិនត្រឹមត្រូវរបស់ខ្លួន ជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ទៅរកភាពប្រសើរ។

ទីពីរ បើមិនពេញចិត្តអ្នករាំនៅព្រលានយន្តហោះ ម្តេចមិនដៀលតែអ្នករាំនៅព្រលានយន្តហោះហ្នុងទៅ ម្តេចមកដៀលខ្មែរទាំងអស់ធ្វើអី? ចិត្តអ្នកដៀលមិនមែនចង់ដៀលតែខ្មែរដែលរាំនៅតាមព្រលានយន្តហោះនោះទេ ហើយក៏មិនមែនដៀលខ្មែរទាំងអស់នោះដែរ គឺចិត្តគេចង់ដៀលខ្មែរទូទៅ លើសពី៥០%ឡើងទៅដែលមានចរិត មិនថ្លៃថ្នូរបែបហ្នឹង។


ទីបី គេចោទថា អ្នកថតហ្នឹង លួចថតគេក្នុងទីសាធារណ:ដោយមិនបានសុំការអនុញ្ញាត ហើយចោទថាជារឿងខុសច្បាប់។ សួរថាតើអ្នកចោទគេថា ខុសច្បាប់ហ្នឹង តើអ្នកមានបានដឹងពីច្បាប់នៅម៉ាលេស៊ីស្តីពីការថតរូបរបស់គេក្នុងទីសាធារណ:អត់? តើថតរូបមនុស្សប្រព្រឹត្តខុសឆ្គងនៅទីសាធារណៈជារឿងខុសច្បាប់ឬ? ហើយរឿងកើតនៅម៉ាលេស៊ី បើចង់ប្តឹង ត្រូវប្តឹងនៅម៉ាលេស៊ី។ ឥលូវ កុំទាន់និយាយដល់រឿងខុសច្បាប់ ឬអត់ ក្នុងមនសិការជាមនុស្ស បើអ្នកបានឃើញទង្វើណាមួយខុសឆ្គង មិនសមរម្យ មិនត្រឹមត្រូវ ហើយអ្នកថតទុក ឬក៏ផុសអោយគេដឹង សួរថាតើវាត្រឹមត្រូវដែរឬទេ? ហើយបើអ្នកចាំសុំការអនុញ្ញាតថត ពីមនុស្សដែលកំពុងរឿងធ្វើខុសនោះ តើមានវីឌេអូពីមនុស្សខូច មនុស្សអាក្រក់ឯណា អោយបងប្អូនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយដូចសព្វថ្ងៃនេះ??»។