ភ្នំពេញ ៖ លោកតាអាយុ៨២ឆ្នាំម្នាក់ ខណៈដែលជិះម៉ូតូកង់បីទៅផ្ទះ បានពាក់កណ្តាលផ្លូវ ស្រាប់តែកើតជំងឺខ្យល់គរ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅលើចិញ្ចើមផ្លូវខាងមុខហាងលក់វ៉ែនតាមួយកន្លែង នៅក្បែរភ្លើងស្តុបអាងទឹក ផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។


លោកតារងគ្រោះដែលខ្យល់គរស្លាប់នៅតាមផ្លូវនេះ មានឈ្មោះ ឡោះ សាឡេស អាយុ៨២ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅក្រុមទី៨ ភូមិ១១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីអ្នករត់កង់បីឥណ្ឌា បានឲ្យដឹងថា មុនពេលកើតហេតុ លោកតារងគ្រោះបានជិះរថយន្តឈ្នួលមកពី ខេត្តកំពត និងមកឈប់នៅបេនឡានម៉ុងឌីយ៉ាល់ ហើយជិះកង់បីឥណ្ឌារបស់គាត់បំណងទៅផ្ទះនៅម្តុំគីឡូលេខ៧ លុះជិះចេញបានបន្តិច ស្រាប់តែលោកតារងគ្រោះបានប្រាប់ឲ្យឌុបទៅរកកន្លែងកោសជប់។ ពេលទៅដល់ហាងកោសជប់ លោកតារងគ្រោះបានឲ្យគាត់បន្តទៅផ្ទះតែម្ដង ។


ប្រភពបន្តថា គ្រាន់តែប្រាប់គាត់បែបនេះហើយ ស្រាប់តែលោកតារងគ្រោះបាត់មាត់រហូត លុះគាត់ងាកក្រោយឃើញលោតាសំយ៉ុងក្បាលចុះក្រោម ហៅក៏មិនឆ្លើយ ទើបគាត់ឈប់ម៉ូតូជួយលើកលោកតាមកក្រោមធ្វើចលនា តែគាត់បានលាចាកលោកនេះទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍តែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ រួចបានហៅរថយន្តដឹកសពមកតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕