ភ្នំពេញ ៖ រថយន្តរបស់ជំនួយការមេធាវីម្នាក់ដែលទិញបង់រំលស់មិនទាន់រួចផង ហើយចោរលួចនោះ ខណៈដែលចតទុកមុខផ្ទះនៅក្រុងតាខ្មៅ ហើយត្រូវក្រុមចោរមានគ្នា៤នាក់ទៅលួចនោះ ត្រូសវរករថយន្តឃើញវិញហើយ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្រុមជនសង្ស័យបានយកផ្លុងចោល នៅចំណុចចំណតរថយន្តជាន់ទី៤នៃសណ្ឋាគារឈូកទិព្វ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ក្រោយម្ចាស់រកឃើញរថយន្តរបស់ខ្លួន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់ផ្សារដើមគ ឲ្យដកហូតយកមករក្សាទុក បន្ទាប់មកក៏បានប្រគល់បន្ត មកឲ្យសមត្ថកិច្ចក្រុងតាខ្មៅ ជាម្ចាស់ករណី ហើយសមត្ថកិច្ចក្រុងតាខ្មៅ បានប្រគល់រថយន្តខាងលើនេះ ជូនទៅជនរងគ្រោះយកទៅប្រើប្រាស់ជាបណ្តោះអាសន្នវិញ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១ និង១៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីចោរលួចរថយន្តមួយ។


រថយន្តដែលក្រុមជនសង្ស័យលួចយកទៅ ម៉ាកToyota Prus ពណ៌ក្រហម ស៊េរី២០០៧ ស្លាកលេខ ភ្នំពេញ ២BA-៧៨៩៦ ជារបស់ជនរងគ្រោះឈ្មោះសុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិសង្កាត់កើតហេតុ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចតរថយន្តទុកនៅមុខផ្ទះ ជាប់នឹងផ្លូវជាតិលេខ២១ តែមុខផ្ទះគ្មានរបងការពារឡើយ ជាង២ខែមកហើយ និងមិនបានភ្ជាប់ប្រព័ន្ធGPS នោះឡើយ។ លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូចសព្វដង ហើយចូលសម្រានបាត់ទៅ ។ រហូតដល់វេលាម៉ោង៦ព្រឹក ទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង បានដឹងថាបាត់រថយន្ត ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។


ប្រភពបន្តថា តាមរយៈឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរឡើងកាត់មុខផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពលួចរថយន្តយកទៅបាត់ ។


សូមបញ្ជាក់ថា តាមរយៈក្រដាសទិញ-លក់រថយន្ត ជនរងគ្រោះបានទិញរថយន្តខាងលើ ក្នុងតម្លៃ១៣ ៧០០ដុល្លារ ប៉ុន្តែជនរងគ្រោះបានបង់មុនត្រឹមតែ៦ ៧០០ដុល្លារប៉ុណ្ណោះ នៅសល់ប៉ុន្មានត្រូវបង់រំលស់ ក្នុង១ខែ ចំនួន១ ០៧០ដុល្លារ តែដឹងអី! មិនទាន់នឹងរួចផង ស្រាប់តែមានជនសង្ស័យមកលួចរថយន្តជនរងគ្រោះបាត់តែម្តង តែសំណាងល្អ ជនរងគ្រោះបានតាមរករថយន្តរបស់ខ្លួនឃើញមកវិញ៕