កំពង់ចាម ៖ ស្ត្រី​ម្នាក់​ត្រូវ​បុរស​ចំណាស់​ដែល​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ បោក​នាង​ដោយ​ប្រើ​ល្បិច​នាំ​ទៅ​ទិញ​ទូរស័ព្ទ ដោយ​មិន​ទាន់​ឲ្យ​លុយ​ទៅ​អ្នកលក់​ផង បុរស​នោះ​បាន​គេចខ្លួន​បាត់ ទុក​នាង​ឲ្យ​ក្លាយជា​អ្នក​រង​គ្រោះ នៅ​កន្លែង​អ្នកលក់​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​នាំ​ខ្លួន ស្ត្រី​ម្នាក់ ឈ្មោះ វុ​ទ្ធី ហៅ​ស្រមោច​ខ្មៅ អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ។

នៅ​ពេល​សាកសួរ ស្ត្រី​សង្ស័យ​បាន​រៀបរាប់​ថា នាង​បាន​ស្គាល់​មនុស្ស​ប្រុស​ម្នាក់​បាន​ប្រហែល​០៣​ថ្ងៃ​មក​ហើយ មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​៥០​ឆ្នាំ សម្បុរ​ខ្មៅ មិន​ស្គាល់​អាសយដ្ឋាន​ទេ បាន​ទំនាក់ទំនង​ស្នេហ៍​គ្នា​តាម​ទូរស័ព្ទ ហើយ​បុរស​ម្នាក់​នោះ បាន​និយាយ​ថា នឹង​ទិញ​ទូរស័ព្ទ​ថ្មី និង​ក្រវិល​ឲ្យ​នាង នៅ​វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា មនុស្ស​ប្រុស​នោះ​បាន​ណាត់ជួប​នៅ​មុខ​វិទ្យាល័យ​ឫស្សី​កែវ ក្រុងភ្នំពេញ ហើយ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ស្គាល់​សេរី មក​ដល់​ផ្សារ​បុសខ្នុរ ស្រុក​ចំការលើ ក៏​ចូល​ទិញ​ទូរស័ព្ទ ម៉ាក​អូ​ប៉ូ ក្នុង​តម្លៃ​១៦៩​ដុល្លារ ។

ស្ត្រី​ឈ្មោះ វុ​ទ្ធី ហៅ​ស្រមោច​ខ្មៅ បន្ត​ថា ពេល​ទិញ​ទូរស័ព្ទ​បាន​ហើយ មនុស្ស​ប្រុស​នោះ​បាន​ប្រាប់​នាង​ថា យក​ទូរស័ព្ទ​នេះ​ឲ្យ​កូន​មើល​មួយ​ភ្លែត​សិន ព្រោះ​កូន​ចង់បាន​ម៉ាក​ហ្នឹង​ដែរ ដោយ​ទុក​ឲ្យ​ខ្លួន​អង្គុយ​ចាំ​នៅ​កន្លែង​លក់​ទូរស័ព្ទ ជាមួយ​កាបូ​របស់​បុរស​នោះ បាន​មួយសន្ទុះ​ខ្លួន​មានការ​សង្ស័យ ទើប​ទូរស័ព្ទ​ទៅ​មនុស្ស​ប្រុស​នោះ តែ​មិន​ចូល ហើយ​ខ្លួន​បាន​ឲ្យ​អ្នកលក់​ទូរស័ព្ទ យក​ឡា​ម​មក​វះ​កាបូប​មើល ឃើញ​សុទ្ធតែ​ក្រដាស ទើប​ដឹង​ថា ចាញ់បោក​គេ ។

ស្ត្រី​សង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​បន្ត​ការ​ស្រាវជ្រាវ ៕