ផ្លែសាឡាក់ ឬ ផ្លែរកាំ គឺជាផ្លែឈើដែលពេញនិយមទទួលទានរបស់ប្រជាជនក្នុងប្រទេសរបស់យើង។ អ្នកខ្លះក៏និយមទទួលទានលេងជាបង្អែម  ឬម្ជូរលាងមាត់  អ្នកខ្លះក៏យកមកប្រលេះសាច់វាក្រឡុកជាមួយអំបិលម្ទេស ដោយសារតែវាមានរសជាតិជូរផ្អែមឆ្ងាញ់ពិសា ​ក្រៅអំពីរសជាតិជូរអែមឆ្ងាញ់ហើយនោះ  ជាផ្លែឈើធម្មជាតិ និងមានប្រយោជន៍ចំពោះសុខភាពទៀតផង។ 

ព្យាបាលជំងឺ៖ រោគស្លេស្ម៍ ក្អក ហើមក្បាលជង្គង់ ទំលាក់ស្លេស្ម៍ និងឈាមក្តៅ។

លក្ខណៈរុក្ខជាតិ៖ ជាតាលព្រឹក្ស ធាងដុះចេញពីដី តាមធាងមានបន្លាច្រើន។

-ស្លឹក៖ ដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម)

-កញ្ចុំផ្កា៖ ចេញពីគល់ប្រគាបស្លឹក

-ផ្លែ៖ ចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម

-សំបកផ្លែ៖ មានរោមច្រើនបែបជាបន្លា

កន្លែងដាំដុះ៖ ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ធ្លាប់ប្រទះឃើញនៅខេត្តកោះកុង។ បន្តពូជដោយគ្រាប់។

វិធីធ្វើ និងប្រើប្រាស់៖

-ផ្នែកប្រើប្រាស់៖ ផ្លែ ស្លឹក

-ផ្លែ៖ ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់

-ស្លឹក៖ ទំលាក់ស្លេស្ម៍ ឈាមក្តៅ

កំរិតប្រើ៖ ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថាឱសថធម្មជាតិនេះអាចប្រើប្រាស់បានលុះត្រាតែបងប្អូនគ្មានជម្រើសផ្សេង ដើម្បីចៀសវាងការធ្វេសប្រហែសដោយប្រការណាមួយ ៕