អន្ទង់ គឺជាសត្វដែលមានច្រើនប្រភេទខុសៗគ្នា នៅក្នុងប្រទេសកម្ពុជាយើងអន្ទង់ដែលគេឧស្សាហ៏ឃើញមាន ត្រូវបានគេចែកចេញជាបីប្រភេទដូចជា:  អន្ទង់ត្រាវ អន្ទង់ដំណើប និងអន្ទង់ព្រ័ត្រ។ ហើយអន្ទង់ដែលត្រូវបានចាត់ទុកមានរសជាតិឆ្ងាញ់គឺ អន្ទង់ដំណើប និងអន្ទង់ត្រាវ ហើយវាក៏ជាប្រភេទអន្ទង់ចិញ្ចឹមឆាប់ធំដែរ។

អន្ទង់ ងាយស្រួលចិញ្ចឹម ព្រោះវាមិនត្រូវការចំណាយដើមទុន និងពេលច្រើន ហើយពូជវាក៏ងាយរក។ ម្យ៉ាងវិញទៀត នៅលើ​ទីផ្សារ​ក៏មាន​តំលៃ​ថ្លៃ ទៅ​ថ្ងៃមុខ អាច​នឹង​ពង្រីក​ការចិញ្ចឹម​អន្ទង់​ថែមទៀត​នៅ​រដូវប្រាំង​ខាងមុខនេះ ដើម្បី​យក​កូន​បន្ត​ពូជ​ទៀត។ 

១/.ការសាងសង់​អាង ៖
– សាងសង់​អាង​ដែលមាន​ទទឹង​១,៥​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ កម្ពស់​៧​តឹក សម្រាប់​ដាក់​អន្ទង់​ចិញ្ចឹម​ក្នុង​បរិមាណ​៥០​ទៅ​៧០​គីឡូក្រាម ។​
– ទីតាំង​អាង​ចិញ្ចឹម ត្រូវមាន​ម្លប់​៣០-៤០​ភាគរយ នៅក្បែរ​ផ្ទះ ជិត​ប្រភពទឹក និង​នៅលើ​ដី​ទួល​ខ្ពស់ ។​


– បញ្ចូល​ទឹក​កម្ពស់​២-៧​តឹក បន្ទាប់មក ដាក់​វល្លិ​តា​អើ​ក និង​ដាក់​សម្រាស់ រួច​រក្សា​ទុក​រយៈពេល​មួយ​សប្តាហ៍ ទើប​ដាក់​អន្ទង់​ចិញ្ចឹម ។​

​២/.ការ​ដាក់​កូន​អន្ទង់​ចិញ្ចឹម ៖
– ត្រូវ​ទាក់ទង​ជាមួយ​អ្នក​រក​អន្ទង់​ដោយផ្ទាល់ ឬ​កន្លែង​មាន​ប្រភព​ច្បាស់លាស់ ព្រោះ​ការដឹង​ពី​ប្រភព​ច្បាស់លាស់ អាច​ធ្វើឱ្យ​ការចិញ្ចឹម​អន្ទង់​ឆាប់​ធំ និង​ចៀសវាង​ការ​យក​កូន​អន្ទង់​ឆក់​មក​ចិញ្ចឹម ។​


– នៅពេល​ចិញ្ចឹម​បាន​៥-៧​ថ្ងៃ ទើប​ផ្តល់​ចំណី​មួយថ្ងៃ​ម្តង ។​
– វិធី​នៃ​ការផ្តល់​ចំណី គឺ​ត្រូវ​យក​កញ្ច្រែង ដាក់​ចំណី​ផុត​ពី​ផ្ទៃ​ទឹក ។​
– ប្រភេទ​ចំណី មានដូចជា ត្រី​ស្ងោរ (​ត្រី​គ្រប់​ប្រភេទ​), ខ្យង ឬ​គ្រុំ​, ក្តាម​, កន្ទក់ ជាដើម តាម​លទ្ធភាព ។​

​៣/.ការថែទាំ ៖
– ក្រោយ​ចិញ្ចឹម​បាន​១​ខែ ត្រូវ​ផ្លាស់ប្តូរ​ទឹក​ឱ្យបាន​៣​ដង ព្រោះ​ការផ្លាស់ប្តូរ​ទឹក​នេះ ធ្វើឱ្យ​អន្ទង់​អាច​ចៀសផុត​ពី​ជំងឺ​បាន ។​
– ប្រភេទ​ជំងឺ​ដែល​កើត​លើ​អន្ទង់ គឺ​មានដូចជា ជំងឺ​ដំបៅ ។ ករណី​មាន​ជំងឺ ត្រូវ​ចាប់​អន្ទង់​ដែល​ឈឺ ចេញ​ពី​អាង យក​ទៅ​ព្យាបាល​ភ្លាម ព្រោះ​វា​អាច​ងាយ​រាលដាល​ជំងឺ ដល់​អន្ទង់​ផ្សេងទៀត ឬ​ត្រូវ​អន្ទង់​ផ្សេង​ចឹក​ស៊ី ។​
– ការព្យាបាល ត្រូវ​យក​

លំពង់​ត្រោះ​ស្រស់ (​ដើម​រាំង ឬ​មែ​ករាំង​) កាប់​ជា​កំណាត់ៗ​ដាក់​ក្នុង​ធុង ឬ​អាង​ផ្សេង ដែល​ត្រូវ​ព្យាបាល ។ ឥទ្ធិពល​របស់​វា គឺ​ជ័រ​ដែល​នៅ​ដើម​ត្រោះ ឬ​រាំង ចេញ​មក​ក្នុង​ទឹក អាច​ផ្សះ​ដំបៅ​អន្ទង់ និង​ការពារ​មិន​ឱ្យ​កើត​ដំបៅ​ទៀត​បាន ។ 

​៤/.ការប្រមូល​ផល ៖
– យើង​អាច​ប្រមូល​ផល​អន្ទង់​បាន នៅពេល​អន្ទង់​អាយុ​ចាប់ពី​៨​ខែ​ឡើង​ទៅ ។ មុន​ពេល​ប្រមូល​ផល ត្រូវ​ផ្លាស់ប្តូរ​ទឹក​ឱ្យបាន​៥​ដង ក្នុង​រយៈពេល​១​ខែ ធ្វើ​ដូចនេះ ដើម្បី​ឱ្យ​អន្ទង់​មាន​ពណ៌​ក្រហម និង​គ្មាន​ក្លិនស្អុយ ។ ការប្រមូល គឺ​ត្រូវ​បង្ហូរទឹក​ចោល​ឱ្យអស់​ពី​អាង ទើប​បញ្ចូល​ទឹក​វិញ ដោយ​បញ្ចូល​ទឹក​ត្រឹមតែ​កម្ពស់​២​តឹក ទុក​រយៈពេល​៣០​នាទី ទើប​បង្ហូរទឹក​ចោល អាច​ចាប់​លក់បាន ៕