ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា២០១៩ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ បានចេញហើយគឺឆ្នាំនេះសិស្សជាប់និទ្ទេស Aមាន ចំនួន ៤៤៣នាក់ ខណៈសិស្សជាប់សរុបមាន៧៩០៥២ នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧៩០៥២ នាក់ ត្រូវជា ៦៨.៦២% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣ នាក់ និទ្ទេស B មាន ចំនួន ២ ៤៣០ នាក់និទ្ទេស C មានចំនួន ៥ ៨៤៧ នាក់ និទ្ទេស D មានចំនួន ១៤ ១០០ នាក់និងនិទ្ទេស E មានចំនួន ៥៦២ ៣២ នាក់។

ក្រសួងបន្តថា ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤៤៣ នាក់ មកពីរាជធានីភ្នំពេញ ១៤១ នាក់ខេត្តសៀមរាប ៣៨ នាក់ បាត់ដំបង ៣២ នាក់ តាកែវ ២៩ នាក់ កំពង់ចាម ២៧ នាក់ ព្រៃវែង ២៧នាក់ បន្ទាយមានជ័យ ២៥ នាក់ កណ្តាល ២៣ នាក់ កំពត ២៣ នាក់ ត្បូងឃ្មុំ ១៥ នាក់ កំពង់ធំ ១៨នាក់ ព្រះសីហនុ ១៣ នាក់ ស្វាយរៀង ៨ នាក់ ពោធិ៍សាត់ ៧ នាក់ កំពង់ឆ្នាំង ៦ នាក់ កំពង់ស្ពឺ ៦នាក់ ក្រចេះ ៤ នាក់ រតនគិរី ២ នាក់ កោះកុង ១ នាក់ មណ្ឌលគិរី ១ នាក់ និងឧត្តរមានជ័យ១ នាក់។

ក្រសួងបន្ថែមទៀតថា បេក្ខជនអវត្តមានមានចំនួន ១ ៨៣៥នាក់ ហើយការប្រកាសលទ្ធផលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ខេត្តដទៃទៀត។

គួររំលឹកថា ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤,៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់ ៕