ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើដងផ្លូវជាតិ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។


សមត្ថកិច្ចនគរបាលស្រុកលើកដែក បញ្ជាក់ថា បុរសម្នាក់ដេលប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើដងផ្លូវជាតិលេខ១នេះ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពោលគឺត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកខណៈដែលជនរងគ្រោះរូបនេះកំពុងដើរនៅលើផ្លូវជាតិលេខ១ នោះ ហើយរថយន្តបង្កដែលគេមិនស្គាល់ម៉ាក ឬស្លាកលេខនោះទេ បានបើកគេចបាត់ ។


មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជិវិតនោះ ពុំត្រូវបានស្គាល់អត្តសញ្ញណនោះទេ គ្រាន់តែដឹងថាជាមនុស្សវិកលចរិក ។ ក្រោយពីសមត្ថកិច្ចពិនិត្យនៅកន្លែងកើតហេតុរួចមក សាកសពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅវត្តគីរីរតនារាម ហៅវត្តកំពង់ភ្នំ ៕