ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១៨ និង០៥នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទ្វារទឹកស្ពានព្រែកហាស់ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់អណ្តែតទឹក។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោង ខាងលើកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញសាកសពអណ្តែតទឹក នៅម្តុំស្ពានព្រែកហាស់ ក្នុងភូមិព្រែកស្វាយ។

ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំង ជំនាញនគរបាលស្រុក គ្រូពេទ្យមណ្ឌលសុខភាពឈើទាល អាជ្ញាធរមូលដ្ឋានចុះពិនិត្យសពជនរងគ្រោះ ឃើញថាសាកសពនឹងបានសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៤៦ឆ្នាំ កម្ពស់ ១៦០ស.ម សម្បុរ ជ្រះ ទងត្រចៀកផ្នែកខាងស្តាំចោះរន្ធ ទងត្រចៀកខាងឆ្វេងមានពាក់ក្រវិល រាងដូចផ្កាឈូកត្បូងពណ៌ស មានធ្មេញមាស ចំនួន០២នៅផ្នែកខាងក្រោម ពាក់អាវយឺតដៃខ្លី កបើកពណ៌ផ្កាឈូក មានរូបសត្វហើរចំនួន០៧ នៅផ្នែកខាងស្តាំ មានរូបដើមឫស្សីនៅផ្នែកខាងឆ្វេងមានឡេវបិទក ខាងមុខចំនួន០២ពណ៌ខ្មៅ ស្លៀកសារុងពុម្ពផ្កា ។


ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ពុំមានស្លាកស្នាមអ្វីគួរឲ្យ កត់សំគាល់ជាករណីឃាំតកម្មឡើយ ។ តាមការសន្និដាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សពស្រ្តីរងគ្រោះជូនអាជ្ញាធរមូលដ្ឋានធ្វើការបញ្ចុះនៅវត្តស្រែអំពិល រង់ចាំស្រាវជ្រាវ រកអត្តសញ្ញាណ។
ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋណាដែលបាត់សមាជិកដូចភិនភាគដូចខាងលើ សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីយកសពជនរងគ្រោះយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕