ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត៣គ្រឿង បានបើកបរស្របទិសគ្នា បុកគ្នាពីក្រោយ បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរម្នាក់។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តកុងតឺន័រមួយគ្រឿង (មិនស្គាល់ស្លាកលេខ) និងរថយន្តកាមរីស្វិត ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-8070 ជាប្រភេទរថយន្តកែច្នៃផ្នែកខាងក្រោយរត់ឈ្នួល និងរថយន្ត១គ្រឿងទៀត ជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ព្រះសីហនុ 3A-7352។


ប្រភពបន្តថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យរថយន្តកាមរី ខូចខាតខ្ទេចទាំងស្រុង និងបើកបររថយន្តកៀបស្លាប់ក្នុងរថយន្ត ព្រោះរថយន្តកាមរី នៅកណ្តាលគេ បានបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងដែលបើកពីមុខ បន្ទាប់មកក៏ត្រូវរថយន្តដឹកដី មកបុកផ្ទប់ពីក្រោយទៀត ហើយពេលនោះរថយន្តកុងតឺន័រខាងមុខគេ មិនបានឈប់ទេ បានបើកបរទៅមុខបាត់ទៅ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕