ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួល តែត្រូវសមត្ថកិច្ចតាមបង្ក្រាបបានបក្ខពួកប្រុសស្រី៦នាក់ទៀតយកទៅសួរនាំ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលមួយកន្កែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នោះ ទី១/មានឈ្មោះសំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២/ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី៣/យ៉េន ដនពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ១ ខណ្ឌសែនជ័យ ។ ទី៤ឈ្មោះ វ៉ាត ចាន់ចិថី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៥/សាន វិច្ឆិការ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យជាអ្នកឆក់ និងនារីជាសង្សារម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ។


នារីជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាស្រីៗបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-0526 ធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិច ។ ខណះមកចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CM-4957 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃដែលជនរូបគាត់កំពុងនិយាយបានសម្រេច រួចជិះគេចខ្លួនបាត់ ។ ភ្លាមៗនោះ រូបគាត់ទំនាក់ទំនងទៅមិត្តភក្តិជួយទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។


ករណីនេះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌសែនជ័យ បានកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់បានភ្លាមៗ និងបន្តទៅចាប់បក្ខពួកប្រុសស្រី៦នាក់ទៀត រួចបន្តទៅឆែកឆេរកន្លែងជនសង្ស័យស្នាក់នៅ ដកហូតកាបូបលុយដែលជនសង្ស័យឆក់បាន យកមកលាក់ទុក រួមនឹងម៉ូតូចំនួន៤គ្រឿងទៀត ។


ជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការនៅតាមនីតិវិធី ៕