ខេត្តប៉ៃលិន ៖ បុរសម្នាក់បានផឹកស៊ីជាមួយបនភឿនឡើងស្រវឹងជោកជាំ លុះត្រឡប់មកផ្ទះវិញបានរករឿងក្រុមគ្រួសារ រួចបោកចានឆ្នាំងបំផ្លិចបំផ្លាញចោល ថែមទាំងយកកាំបិតដេញកាប់សម្លាប់ឪពុកម្តាយរត់រកប្រាសអាយុ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។


ករណីកូនប្រមឹកទាញកាំបិតដេញកាប់ឪពុកម្តាយបង្កើតនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។កូនអកតញូដែលដេញកាប់សម្លាប់អ្នកមានគុណនេះ មានឈ្មោះភួន គា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាកូន) ។ ចំណែកជនរងគ្រោះឈ្មោះចែម ភួន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជាឪពុករបស់ជនសង្ស័យ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
សមត្ថកិច្ច បានឱ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងកាច់បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ចែម ភួន ពីករណីហិង្សាក្នុងគ្រួសារ (បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) មួយករណីដែលកើតឡើងនៅចំណុចផ្សារថៃ ជាប់ភូមិផ្សារព្រំជើង ដែលបង្កឡើងដោយសារកូនប្រុសម្នាក់ស្រវឹងស្រារករឿងអ្នកផ្ទះវាយចានវាយឆ្នាំង និងយកកាំបិតដេញកាប់ឪពុកម្ដាយមិនឲ្យចូលដេកក្នុងផ្ទះ ។


ប្រភពបន្តថា ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនសង្ស័យនាំមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕