ភ្នំពេញ ៖ នៅវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចគោលដៅប្រចាំការស្តុប២៤ម៉ោង លើផ្លូវហាណូយ កែងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

យុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាកDuke-KTM 200 ឌុបគ្នាបោះពួយល្បឿនលឿន ទៅបុកម៉ូតូមន្រ្តីសមត្ថកិច្ច ដែលត្រឡប់មកពីល្បាតវិញ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯសមត្ថកិច្ចរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចគោលដៅប្រចាំការស្តុប២៤ម៉ោង លើផ្លូវហាណូយ កែងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នៅមុនពេលកើតហេតុ មន្រ្តីប៉ូលិសម្នាក់បានជិះម៉ូតូប្រដេញមួយគ្រឿងរបស់អង្គភាព ម៉ាក FTR ពណ៍ខៀវ ពាក់ស្លាកលេខ នគរបាល 1.7595 ត្រលប់មកពីជិះល្បាតវិញ ដើម្បីយកកន្ទេល យកមកក្រាលសម្រាកនៅចំណុចគោលដៅខាងលើ តែឈប់ម៉ូតូអែបនៅមុខគោលដៅ មិនទាន់បានចុះពីលើម៉ូតូផង ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Duck-KTM 200 ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FF-1792 ឌុបគ្នា បោះពួយលឿនពេក តាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម ទិសដៅពីកើតមកលិច បានមកបុកចំម៉ូតូរបស់មន្រ្តីប៉ូលិសម្នាក់នោះ ចំពីក្រោយពេញទំហឹង ប៉ើងខ្ទាតទាំងម៉ូតូទាំងមនុស្សបោកនឹងថ្នល់ទាំងបីនាក់ បណ្ដាលឲ្យយុវជនទាំង២នាក់នោះរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងក្នុងភក់ និងប៉ះម៉ូតូធំមួយគ្រឿងទៀត ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 1-9116 របស់សមត្ថកិច្ចដែលចតទុកចោលលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលខូចខាតបន្តិចបន្តួចផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយទាក់ទងរថយន្តសង្គ្រោះ មកដឹកយុវជនទាំងពីរនាក់នោះ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ហើយសមត្ថកិច្ចជំនាញផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកវាស់វែង រួចយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់ ៕