ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសស្រី២នាក់បងប្អូនជីដូន១នឹងគ្នា បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង៤៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខណៈដែលឪពុកម្តាយក្មេងរងគ្រោះទាំង២ កំពុងជាកម្មករនៅប្រទេសថៃ ឯណោះ។
ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះថុន ធារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិគោកសំរោង មានឪពុកឈ្មោះ អូន ថុន អាយុ៣៨ឆ្នាំ និងម្ដាយឈ្មោះតឿ សៀម អាយុ ៣៣ឆ្នាំ (កំពុងធ្វើការនៅប្រទេសថៃ)។ ចំណែក ក្មេងរងគ្រោះម្នាក់ទៀត មានឈ្មោះជួន សុភ័ណ ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឃុំជុំគ្នា មានម្ដាយឈ្មោះតឿ អឿត អាយុ៤៨ឆ្នាំ(កំពុងធ្វើការនៅប្រទេសថៃ)។ ក្មេងទាំងពីរ ជាបងប្អូនជីដូន១នឹងគ្នា និងកំពុងរស់នៅជាមួយម្តាយមីង និងជីដូន។

ប្រភពពកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងទាំង២នាក់បានជិះកង់ចេញពីផ្ទះ ទៅវាលស្រែលេងអ៊ំស្រីឈ្មោះ ស្មាន តឿ ស្រី អាយុ៤៧ឆ្នាំ ដែលគាត់ទៅស្ទូងចម្ងាយពីភូមិ១,៥គីឡូម៉ែត្រ លុះដល់ពាក់កណ្ដាលផ្លូវ ក៏ឃើញដើមត្របែកនៅខាងលិចប្រឡាយ ក៏ទុកកង់ហើយដើរឆ្លង ក៏បណ្ដាលឲ្យលង់ស្លាប់តែម្តង លុះដល់ម៉ោង១៤និង១០នាទី ពេលអ៊ំស្រីត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកង់នៅកន្លែងកើតហេតុ យកកង់មកផ្ទះ ហើយតាមដើររកតែពុំឃើញ រហូតដល់ម៉ោង៧ និង៤៥នាទីយប់ ក៏បានរាយការណ៍ដល់សមត្ថកិច្ចឲ្យជួយរក ទើបប្រទះឃើញក្មេងរងគ្រោះទាំង២នាក់ លង់ទឹកស្លាប់បាត់ទៅហើយ។


ក្រោយកើតហេតុសមត្ថកិច្ច បានពិនិត្យសពក្មេងទាំង២នាក់យ៉ាងយកចិត្តទុកដាក់ រកមិនឃើញមានស្លាកស្នាមអ្វីដែលគួរឲ្យសង្ស័យជាករណីឃាតកម្មទេ គឺក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់មែន ហើយបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសៅជាពន់ពេក៕