ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន របស់រដ្ឋបាលខេត្តព្រៃវែងដែលបានអនុវត្តកន្លងមក ដែលមានការអញ្ជើញចូលរួម សមាជិក សមាជិកាប្រមាណ ៥២២ នាក់។

នៅក្នុងឱកាសដែលឯកឧត្ដម ជា សុមេធី អភិបាលខេត្តក៏បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលក្រុមការងារ ក្រុង ស្រុក និងឃុំសង្កាត់បាន រៀបចំវេទិកាសាធារណៈសាធារណៈនៅថ្នាក់មូលដ្ឋានដើម្បីស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ សរុបចំនួន ២១៥ លើក ក្នុងនោះបញ្ហាប្រឈមស្រុកចំនួន ៣៦២ បញ្ហា ចំពោះបញ្ហាទាំងអស់នេះ រដ្ឋបាលខេត្ត ក៏បានធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយឡែកនៅបញ្ហាសេសសល់បន្តិចបន្តួច ខេត្តនិងរៀបចំឯកសារសុំគោលការណ៍ពីថ្នាក់ជាតិដើម្បីធ្វើការដោះស្រាយជាបន្តទៅទៀត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំសង្កាត់ ក្នុងការរៀបចំវេទិកាសាធារណៈចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងអំពី ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងសំណូមពរនានាដែលគាត់ជួបប្រទះនៅតាមមូលដ្ឋាន។

សម្តេចក៏បានលើកឡើងបន្តទៀតថា ការរៀបចំវេទិការសាធារណៈ ជាមួយសហគមន៍នានានៅមូលដ្ឋានគឺជាមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈគ្រប់ថ្នាក់បានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវទស្សនៈយោបល់របស់ប្រជាពលរដ្ឋអំពីការដឹកនាំការគ្រប់គ្រងប្រទេសជាតិ នឹងបានស្ដាប់ដោយផ្ទាល់នូវកង្វល់សំណើចសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានឃើញដោយផ្ទាល់នូវបញ្ហាប្រឈមនានានៅមូលដ្ឋាននោះផងដែរ។

ក្នុងនោះសម្ដេច ក៏បានដាក់ទិសដៅការងារ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩ ដល់ក្រុមការងារលំដាប់ថ្នាក់ត្រូវ ប្រមូលផ្ដុំយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដូចខាងក្រោម ១- ប្រមូលផ្ដុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារឃុំសង្កាត់ ក្រុមការងារក្រុង ស្រុក និងក្រុមការងារខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរនានា ដែលប្រមូលបានពីវេទិកាសាធារណៈតាមគោលការណ៍ និងវិធានការដូចបានគូសបញ្ជាក់ខាងលើដោយត្រូវធ្វើការតាមដានពិនិត្យ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាព និងការដោះស្រាយរៀងរាល់ខែ។

២- បន្តសហការចុះបំពេញការងារតាមមូលដ្ឋាននានា ពិសេសការចុះតាមខ្នងផ្ទះដើម្បីជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសំដៅស្វែងយល់អំពីក្តីកង្វល់សំណើសំណូមពរជាក់ស្ដែងតាមគ្រួសារប្រជាពលរដ្ឋហើយបញ្ហាប្រឈមសំណើ សំណូមពរ ណាដែលក្រុមការងារមានលទ្ធភាពអាចដោះស្រាយបានក្រុមការងារត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋចំពោះបញ្ហាទាំងឡាយណាដែលមិនអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់លើដើម្បីពិនិត្យ និងសហការសម្របសម្រួលដោះស្រាយ។

៣- ត្រូវពង្រឹងនិងលើកកម្ពស់សមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងអង្គភាពគ្រោះថ្នាក់ នៅថ្នាក់ក្រោមជាតិក្នុងការបំពេញការងារ ពិសេសគឺសមត្ថភាព និងភាពជាម្ចាស់ក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍នៅមូលដ្ឋានការដោះស្រាយបញ្ហា ការប្រឈមសំណើសំណូមពររបស់ប្រជាពលរដ្ឋដើម្បីបញ្ចៀសការពឹងផ្អែកទាំងស្រុងមកលើក្រុមការងារ។