ត្រកួន គឺជាប្រភេទបន្លែទូទៅដែលសំបូរទៅដោយសារធាតុដែក ដើម្បីទ្រទ្រង់សារពាង្គកាយយើង។ ការដាំត្រកួនមិនមានជាអ្វីលំបាកទេ បូករួមទាំងការថែវាអាចលូតលាត់លើដីគ្រប់ប្រភេទ ជាពិសេសដីល្បាយខ្សាច់ដែលមានជីជាតិ។ យើងអាចដាំវាបានគ្រប់រដូវទាំងលើដី លើទឹក និងមិនចាំបាច់ប្រើប្រាស់ដីក៏បាន។

ការដាំត្រកួនដោយមិនប្រើដី ហើយគ្មានជាតិគីមីទៀតស្ដាប់ទៅដូចជាចំលែក ក៏ប៉ុន្តែវាពិតជាវិធីងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងមានបំណងដាំវាហូប។ ការដាំទៀតសោតគឺពិតជាងាយស្រួលខ្លាំងណាស់ ហើយទិន្នផលរបស់វាខ្ពស់ ល្អទៀតផង។ ខាងក្រោមនេះក្រុមការងារយើង និងបង្ហាញពីរបៀបដាំដូចតទៅ៖

+សម្ភារៈត្រូវមាន៖
-កញ្ច្រែងដែលមានកម្ពស់ប្រមាណ១តឹក
-ផើង ធុង ឬកេសស្នោរដែលអាចដាក់កញ្ច្រែងចូលលបានកម្ពស់ប្រមាណ៣តឹក

-អេប៉ុងសម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន
-ទឹកស្អាត
-គ្រាប់ត្រកួន។

+វិធីលាយទឹកជី៖
-យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកហាលថ្ងៃ៣ថ្ងៃ
-យកទឹកនេះ១លីត្រលាយជាមួយទឹក១០លីត្រសម្រាប់ដាំ។

+វិធីដាំ៖
-ត្រាំគ្រាប់ត្រកួនរយៈពេល១យប់
-ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ

-ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់១តឹកទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
-រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។

រយៈពេលប្រមាណ២-៣សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែបានហើយ។

បងប្អូនយើងទាំងអស់គ្នាគួរតែសាកល្បងប្រើបច្ចេកទេសនេះ ព្រោះវាភាពងាយស្រួលហើយអាចទទួលបានបន្លែធម្មជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន ៕