រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា នៅ​ព្រឹក​ថៃ្ង​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ១០,៩៨ ម៉ែត្រ ហើយ ។

កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​-​កំពង់ចាម ត្រឹមនេះ បាន​ធ្វើ​អោយ​ជន់​លិច​ផ្លូវ​គ្រួ​ស​ក្រហម ប្រវែង​ប្រមាណ​ជា ៦០​ម៉ែត្រ មាន​ទីតាំង​ឆ្លងកាត់​ពី​ឃុំ​រកា​ខ្នុរ ទៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ យ៉ាងណា កំណាត់​ផ្លូវ ដែល​ត្រូវ​ទឹកទន្លេ​ជន់​លិច​នេះ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ។

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ផ្សព្វផ្សាយ​រៀង​រាល់​ព្រឹក បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២៧ ខែសីហា​នេះ បន្ត​ដល់​ថ្ងៃ​ទី​២៨-២៩-៣០ ខែសីហា កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ ទន្លេបាសាក់ និង​នៅ​ទន្លេសាប បន្ត​ឡើងជា​លំដាប់ ។ ប៉ុន្តែ​នឹង​មិន​ឡើង​ដល់​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន​ឡើយ ។ ម្យ៉ាងទៀត បើ​ធៀប​នឹង​កម្ពស់​ទឹកទន្លេ កាលពី​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​នេះ កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទឹកទន្លេ​សាប នៅ​ទាប​ជាង​ឆ្នាំ​មុន​នៅឡើយ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​ព្រឹ​ត្តប​ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក នៅ​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​ទាំង​៨​រួម​មាន​ស្ថានីយ ៖
១-​ទន្លេមេគង្គ​-​ស្ទឹង​ត្រែង
២-​ទន្លេមេគង្គ​-​ក្រចេះ
៣-​ទន្លេមេគង្គ​-​កំពង់ចាម
៤-​ទន្លេបាសាក់​-​ចតុមុខ
៥-​ទន្លេមេគង្គ​-​អ្នក​លឿង
៦-​ទន្លេបាសាក់​-​កោះ​ខែល
៧-​ទន្លេសាប​-​ព្រែក​ក្តាម
៨-​ទន្លេសាប​-​កំពង់​លួង ៕