ខេត្តសៀមរាប៖ ស្ត្រីម្នាក់ស្រវឹងស្រារាល់ថ្ងៃ ខឹងប្ដីស្ដីបន្ទោសបន្តិចបន្តួចតាមទូរស័ព្ទ ស្រាប់តែរត់ទៅចងកសម្លាប់ខ្លួន ចោលកូនឲ្យនៅកំព្រា ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ កម្ពស់១,៨០ម៉ែត្រ ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាលីន អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ស្រ្ដីរូបនេះស្រវឹងស្រារាល់ថ្ងៃ ។

បើតាមការរៀបរាប់ពីអ្នកជិតខាង បានឲ្យដឹងថា កាលពីយប់ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាតាមទូរស័ព្ទជាមួយប្ដី ។ លុះព្រឹកឡើងរហូតដល់វេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កូនប្រុស អាយុ១២ឆ្នាំ រវល់តែចុះពីផ្ទះទៅកាត់ស្លឹកគ្រៃ ស្រាប់តែក្រឡេកមើលតាមប្រហោងជញ្ចាំងផ្ទះស្លឹក ឃើញម៉ែ ចងកសម្លាប់ខ្លួន ក៏រត់ឡើងមកវិញ ហើយកាត់ខ្សែទម្លាក់ដែរ តែម៉ែស្លាប់ទៅហើយ ។
ក្រោយពីកើតហេតុ លោកអធិការនគរបាលស្រុក និងក្រុមមន្រ្ដីជំនាញបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកពិតមែន។ ក្រោយធ្វើកំណត់ហេតុរួច បានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕