ភ្នំពេញ ៖ ផ្តើមចេញពីរឿងទំនាស់ពាក្យសំដីនៅកន្លែងធ្វើការ ជនដៃដល់៤នាក់ព្រួតវាយយុវជន២នាក់ដែលធ្វើការជាមួយគ្នា ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ខណៈបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃពុធ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
មន្ត្រីនគរបាលប៉ុស្តិ៍អូរបែកក្អម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀន ភារម្យ ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ស្នាក់នៅភូមិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឯបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន ។
ចំណែកជនរងគ្រោះចំនួន២នាក់៖ ទី១ឈ្មោះ វ៉ាត រាត្រី ហៅហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ ឈ្មោះ ឡាវ ណាវីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ជាមួយក្រុមជនដៃដល់ ។


ជនរងគ្រោះឈ្មោះ វ៉ាត រាត្រី ហៅហ៊ុយ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានកំពុងធ្វើការនៅក្នុងរោងចក្រ ក៏មានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួចជាមួយឈ្មោះ ទូច ភេទប្រុស អាយុប្រហែល២១ឆ្នាំ រួចក៏ស្ងប់ស្ងាត់ទៅវិញ និងធ្វើការរៀងៗខ្លួនដូចធម្មតា ។ លុះពេលចប់ម៉ោងធ្វើការ ចេញមកផ្ទះវិញ ក៏ស្រាប់តែឈ្មោះ ទូច បាននាំបក្ខពួកមកចំនួន៣នាក់ផ្សេងទៀត រួមមាន ៖ ១.ឈ្មោះ អៀម ភារម្យ កាន់ដែកបំពង់ទីបមូល ,២.ឈ្មោះ អេ ,៣.ឈ្មោះ ជ័យ បានមកវាយតប់គាត់ នៅតាមផ្លូវ ខណៈនោះឈ្មោះ ឡាវ ណាវីត បានមកជួយឃាត់ពួកគេកុំឲ្យឈ្លោះគ្នា ក៏ត្រូវឈ្មោះ អៀម ភារម្យ ហៅខ្មៅ កាន់ដែកបំពង់ទីបមកវាយសំពងចំក្បាលឈ្មោះ ឡាវ ណាវីត បណ្ដាលឲ្យរបួសដេរ៩ថ្នេរ ឯខ្លួនគាត់(វ៉ាត រាត្រី) របួស២កន្លែង ដេរ៦ថ្នេរ ហើយជនបង្កបាននាំគ្នារត់គេចខ្លួនអស់ ។
ប្រភពដដែលបន្តទៀតថា រហូតព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ រូបគេបានមកដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ចាត់ការតាមច្បាប់ ។ លុះដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែសីហានេះ រូបគេក៏ប្រទះឃើញជនសង្ស័យឈ្មោះ អៀម ភារម្យ កំពុងឈរនៅមុខរោងចក្រកន្លែងធ្វើការ ខ្លួនក៏ទូរស័ព្ទប្តឹងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនតែម្តង ។


ជនសង្ស័យឈ្មោះ អៀម ភារម្យ បានសារភាពថា ខ្លួនពិតជាបានចូលរួមវាយតប់ក្នុងរឿងទំនាស់នេះមែន ហើយប្រាប់ថា បក្ខពួករបស់គេ៣នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួននោះ រួមមាន ឈ្មោះ ទូច ឈ្មោះ អេ និង ឈ្មោះ ជ័យ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕