ស្មៅស្រឡប់ពពក ជារុក្ខជាតិម្យ៉ាងដើមតូចកំពស់ ៤០-៨០ស-ម ប្រភេទវារ  ដើមកោង ធ្លាក់ចុះដល់ដី ហើយដុះឫសនៅថ្នាំងតមកដើមចាប់ឈរឡើង មែកខ្ចី រាងដូចស៊ីឡាំង មានចង្អូរ និងមានរោមពណ៌ច្រេះដែក ស្លឹកដុះរាយមានស្លឹកតូចៗ ១ ឬ៣ ប្រវែង ២,៥ -៣,៥ស-ម ទំហំ២-៤ ស-ម ស្លឹកតូចកណ្តាលរាងភ្នែកសត្វ ស្លឹកតូចៗសងខាងរងមូល ភ្នែកសត្វចាប ផ្នែកពោះ ពណ៌បៃតងស្រាល រលោងផ្នែកខ្នង មានរោម ពណ៌ប្រាក់ ទន់ ផ្កា កញ្ចុំផ្កាជាបាច់ ឬរាងអំបោសនៅប្រគាបស្លឹក ឬចុងនៅមែក មានរោមទន់ មាន ពណ៌ត្នោតតិចៗ តែងតែមានស្លឹកនៅគល់នៃទងផ្កា ផ្កាមានពណ៌ផ្កាឈូក រៀបជាលំដាប់ ២-៣ ផ្កាមួយ  ផ្កាខែ ៦-៩ ​ ចំណែកផ្លែរបស់វារាងកោងបន្តិចដូចធ្នូ មាន៣កង់  ផ្លែខែ ៩-១០ ។

រុក្ខជាតិប្រភេទនេះភាគច្រើនមាននៅក្នុងភូមិភាគអាស៊ីខាងត្បូង ដុះលក្ខណះធម្មជាតិនៅលើដីខ្ពស់ តំបន់ភ្នំឃើញ មាននៅ តំបន់មានពន្លឺព្រះអាទិត្យលើដី ដែលមានដីលាយខ្សាច់ ប្រមូលដល់ រដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតទុកប្រើ ។

+លក្ខណះទូទៅនៃការប្រើប្រាស់

ផ្នែកប្រើប្រាស់ : ដើមទាំងមូល ។


សមាសធាតុគីមី : ដើមទាំងមូលមានក្លិនរបស់គូម៉ារីន
រសជាតិ និងសកម្មភាព : មានរសផ្អែម លក្ខណះត្រជាក់ មានសកម្មភាពបញ្ចុះកំដៅ រំលាយ ឈាមកក បង្កើនទឹកនោម បញ្ចេញញើស ។

ការព្យាបាល : ព្យាបាលក្រួសតំរងនោម ក្រួសប្លោកនោម ក្រួសប្រម៉ាត់  រលាកផ្លូវនោម រលាកតម្រងនោម ហើមជើង រលាកថ្លើមលឿងស្បែក

កម្រិតប្រើទូទៅ៖ ១៥- ៦០ក្រាម ដាំទឹកផឹក  ស្រ្តីមានផ្ទៃពោះហាមប្រើ ។

ការផ្សំថ្នាំ :
១/-ក្រួសផ្លូវនោម ៖ ៦០ក្រាម រំងាស់យកទឹកផឹកដូចតែ ព្យាបាលមួយខែ ។
២/-រលាកផ្លូវនោម ៖ ២៤ក្រាម ស្ងោរផឹក

៣/-រលាកថ្លើមលឿងស្បែក ៖ ៦០ ក្រាមស្ងោរផឹក


៤/-រលាកតម្រងនោមខ្លាំង ហើមជើង ឬរលាកថង់ទឹកប្រម៉ាត់ ៖ ៦០ក្រាម ស្ងោរផឹកមួយខែ ។

បម្រាម ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង ៕