ក្រុងប៉ារីស៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាកូនប្រុសនៃសពលោក ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងលោក សម រង្ស៉ី អតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការ ទីក្រុងប៉ារីស ប្រទេសបារាំង ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មេធាវីជនជាតិបារាំង ការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។


ការដាក់ពាក្យប្តឹងចំនួន២ ដាច់ដោយឡែកពីគ្នាទៅកាន់តុលាការបារាំង នេះ, សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោក ឌី វិជ្ជា បានពឹងពាក់ប្រើប្រាស់មេធាវី ជនជាតិបារាំង ចំនួន៣រូបដែលសុទ្ធសឹងតែជាមេធាវីល្បីៗប្រចាំនៅប្រទេសបារាំង ទី១៖ លោកមេធាវី Brosselet, ទី២៖ លោកមេធាវី Doyez និងទី៣៖ លោកមេធាវី Leick។
ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បាននិយាយមួលបង្កាច់ថា៖ (ទី១) សម្តេចហ៊ុន សែន បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តម ហុក ឡងឌី ។ (ទី២) សម្តេចហ៊ុន សែន បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយ (ទី៣) សម្តេចហ៊ុន សែន បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តម ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តម ហុក ឡងឌី បានទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំង ដែលជាអ្នកការពារក្តីជូនសម្តេចហ៊ុន សែន បានបញ្ជាក់ថា៖
«សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យប្តឹងបុគ្គល សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុង ទំព័រហ្វេសប៊ុករបស់ខ្លួន និងសំដីដែលបុគ្គលនេះបាន និយាយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកភាសាខ្មែរ (VOA) ដែលនៅក្នុងនោះបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលា និងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន។ បុគ្គល សម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា៖ (១) សម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តម ហុក ឡងឌី (២) សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយ (៣) សម្តេចតេជោ បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តម ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តម ហុក ឡងឌី បានទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ។ ទាំងនេះជាការចោទប្រកាន់ បែបបរិហារកេរ្តិ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រ ហ្វេសប៊ុករបស់បុគ្គល សម រង្ស៉ី។


តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»។
ចំណែកការដាក់ពាក្យបណ្តឹងរបស់លោក ឌី វិជ្ជា កូនប្រុសនៃសពលោក ហុក ឡងឌី និងជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់តុលាការប្រទេសបារាំង ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានអះអាងចោទប្រកាន់លោក ឌី វិជ្ជា ដោយបំពាន និងខុសស្រឡះថា លោក ឌី វិជ្ជា បានជឿជាក់ថា ឪពុករបស់គាត់ត្រូវបាន សម្តេចតេជោ ហ៊ុន សែន សម្លាប់ ហើយបុគ្គល សម រង្ស៉ី អះអាងមួលបង្កាច់លោក ឌី វិជ្ជា មានចេតនា សងសឹក ចំពោះការសម្លាប់ឪពុករបស់ខ្លួន ហើយអះអាងទៀតថា លោក ឌី វិជ្ជា នឹងរៀបចំផែនការសងសឹក ដោយរួមដៃជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។
សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖
«ឯកឧត្តម ឌី វិជ្ជា បានប្តឹងបុគ្គល សម រង្សី ចំពោះសារមួយដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។ បុគ្គល សម រង្ស៊ី បានចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយបំពាននិងដោយខុសស្រឡះថា ឯកឧត្តម ឌី វិជ្ជា បានជឿជាក់ថាឪពុករបស់គាត់ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្លាប់។

បុគ្គលសម រង្សី បានអះអាងដោយមួលបង្កាច់ថា ឯកឧត្តម ឌី វិជ្ជា មានចេតនា «សងសឹក» ចំពោះការសម្លាប់ឪពុករបស់ខ្លួនហើយ ដើម្បីសម្រេចកិច្ចការនេះ ឯកឧត្តម ឌី វិជ្ជា ត្រូវរៀបចំផែនការសងសឹកនេះ ដោយរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។ ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុស បែបបរិហារកេរ្តិ៍នេះបានទេ។ បើតាមការពិនិត្យទៅលើពាក្យពេជន៍ដែលបុគ្គលសម រង្សី បានប្រើ (ពាក្យ «សងសឹក» និង «ផែនការ») គឺជាការចោទប្រកាន់ថា ឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្មលើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គលសមរង្សីនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយសនិង កិត្តិស័ព្ទរបស់ឯកឧត្តម ឌី វិជ្ជា តម្រូវឲ្យឯកឧត្តម ដាក់ពាក្យបណ្តឹងទៅតុលាការ»៕