បរទេស ៖ អាកាសយានិករុស្ស៊ីទាំងពីររូបលើយន្តហោះ Airbus A321 បានបញ្ជាយន្តហោះចុះចតក្នុងចម្ការពោត ប្រកបដោយជោគជ័យដោយគ្មានអ្នកដំណើរនៅក្នុងយន្តហោះសរុបចំនួន២២៦នាក់ណាម្នាក់បាត់បង់ជីវិត គ្រាន់តែបណ្តាលឲ្យមានអ្នកដំណើរជាង២០នាក់ បានទទួលរងរបួសស្រាល។


តាមការចេញផ្សាយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩យន្តហោះខាងលើនេះ ជាជើងហោះហើរ រវាងទីក្រុងម៉ូស្គូ និងតំបន់គ្រីមា ដែលរុស្ស៊ីកំពុងកាន់កាប់ ហើយគ្រោះថ្នាក់នេះ កើតមានឡើង ក្រោយពីម៉ាស៊ីនយន្តហោះ Airbus A321 ត្រូវបានសត្វបក្សីមួយក្បាលហោះចូល ធ្វើឲ្យមានបញ្ហាម៉ាស៊ីនមួយចំហៀងរបស់ វាមានអណ្តាតភ្លើងឆាបឆេះឡើង ទើបពីឡុតទាំងពីររូប បញ្ជាយន្តហោះធ្វើការចុះចតយ៉ាងបន្ទាន់ញ នៅឯអាកាសយានដ្ឋានអន្តរជាតិ ហ្សូកូវស្កាយ (Zhukovsky) នៃទីក្រុងម៉ូស្គូ ប៉ុន្តែវាមិនបានចូលផ្លូវចុះចតត្រឹមត្រូវឡើយ ដោយបានជ្រុលទៅចុះចតលើចម្ការពោត ដែលស្ថិតនៅក្បែរនោះទៅវិញ តែយន្តហោះ មិនបានរងការខូចខាតធ្ងន់ធ្ងរ ឬឆាបឆេះ។


គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A321 មានផ្ទុកមនុស្សសរុប ២២៦នាក់ និងក្រុមអាកាសយានិក ៧នាក់ជួបគ្រោះថ្នាក់។ ក្រោយចុះចតភ្លាម ក្រុមសង្គ្រោះប្រញាប់ប្រញាល់ ធ្វើការជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះ ដែលស្ថិតនៅក្នុងចម្ការពោត៕