ភ្នំពេញ ៖ បុរសជាកម្មករម្នាក់ បានសោម៉ាឡេតមកមួលដោះខ្ចៅនៅយ៉ខាងមុខមន្ទីរពេទ្យជោរៃ តែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅនោះ ស្រាប់តែបែកកញ្ចក់ធ្លាក់ទាំងមនុស្សចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅមុខមន្ទីរពេទ្យជោរៃ តាមផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយពេលនោះ ក្រុមគ្រូពេទ្យនៅទីនោះ បានយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ គ្មានបានប្រយោជន៍ទេ ទីបំផុត ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ជនរងគ្រោះដែលធ្លាក់ពីលើយ៉មុខមន្ទីរពេទ្យជោរៃស្លាប់នេះ មានឈ្មោះលី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅផ្ទះគ្មានលេខ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្តីឈ្មោះហុល ហៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលជាកម្មកររួមការងារជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ និង៤០នាទី ពួកគេមានគ្នាចំនួន៤នាក់ ហើយពេលនោះ មេការបានបែងចែកការងារឲ្យពួកគាត់ធ្វើការងាររៀងៗខ្លួន ហើយបាននាំគ្នាឡើងតាមរន្ទា ទៅលើដំបូលយ៉កញ្ចក់ រួចមេការក៏ឡើងតាមដែរ ។ ពេលនោះ ជនរងគ្រោះបានយកដែកដាក់លើធ្នឹមកញ្ចក់ រួចយកសោម៉ាឡេតមកមួលដោះខ្ចៅ តែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅនោះ។

ប្រភពបន្តថា ពេលនោះ ស្រាប់តែបែកកញ្ចក់ធ្លាក់ជនរងគ្រោះចុះមកក្រោមនបោកជាមួយសាបបេតុង បណ្តាលឲ្យរបួសរបួសធ្ងន់ ហើយក្រុមគ្រូពេទ្យនោះទីនោះ បានលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែទីបំផុត ជនរងគ្រោះនៅតែស្លាប់ដដែល ធ្វើឲ្យពួកគាត់រន្ធត់ចិត្តជាខ្លាំង និងរាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍តែម្តង។


តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញថា ជនរងគ្រោះធ្លាក់មកប៉ះទង្គិចក្បាល និងដងខ្លួនធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់តែម្តង រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តៅសោកសៅជាពន់ពេក៕