ផ្កាចំប៉ា  ជាប្រភេទផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងុប ដែលប្រជាជនខ្មែរនិយមដាំតាំងលម្អនៅតាមផ្ទះ សម្រាប់យកថ្វាយព្រះម្ដងម្កាល គេនិយមយកផ្កានេះដាក់តាមខ្លួន ឬចងជាមួយសក់ដើម្បីឲ្យមានក្លិនក្រអូប។ ផ្កាចំប៉ា អាចដាំនៅលើប្រភេទដីធម្មជាតិធម្មតាដែលមានជីជាតិ ធូរ​ ងាយស្រូបទឹកឬ នៅលើដីដែលមានលាយជីលាមកសត្វ ស្លឹកឈើរលួយ ស្រកីដូង និងខ្សាច់ ហើយវាជាដំណាំផ្កាដែលងាយនឹងចាញ់ទឹក។

/.ការជ្រើសរើសមែកសម្រាប់ផ្សាំ ឬបំបៅ

ជាទូទៅគេនិយមដាំដុះដោយគេធ្វើការផ្សាំឬ បំបៅទោះបីវាជារុក្ខជាតិមានគ្រាប់ក៏ដោយ។

-ជ្រើសរើសមែកដែលមានសុខភាពល្អ ចាស់ល្មម

-មែកមានការលូតលាស់ល្អ ផ្ដល់ផ្កាច្រើននិងមានក្លិនក្រអូប

-ធន់ទ្រាំនឹងការខ្វះជីជាតិ ការរាំងស្ងួតនិងលិចទឹក

/.ការផ្សាំ ឬបណ្ដុះមែក

-កាត់មែកដែលបានរៀបចំទុក ហើយត្រូវជូតឬលាងសំអាត

-ចិត្តសំបកជុំវិញប្រវែង 5 ទៅ​ 7 សង់ទីម៉ែត្រ

-កោសកុំប៊ីយ៉ូមចេញ និងជូតឲ្យស្ងួត

-យកដីដែលមានជីជាតិមកលាប ឬក៏អាចលាបអ័រម៉ូន និងត្រូវទុករយៈពេល 1 ទៅ​2 នាទី

-បន្ទាប់មកយកស្រកីដូងមករុំ ឬប្រើថង់ស ជាមួយស្រកីដូងម៉ត់។ ទុករហូតដល់ចេញឬសពណ៌ត្នោត ទើបអាចយកទៅដាំបាន។

/.ការដាក់ដាំ

-ជីករណ្ដៅទំហំ 40 x 40 cm ជម្រៅ ​40 cm

-ដាក់ជីលាមកសត្វ ឬជីកំប៉ុស្ដិ៍ចំនួន 2 ទៅ 3 បង្គី

-យកកូនផ្កាមកដាំដោយកាត់គូទថង់ទំហំ 10 mm

-ហែកថង់ចេញ និងលុបដីបណ្ដើររហូតដល់ពេញមាត់រណ្ដៅ(ជៀសវាងធ្វើឲ្យបែកដីពេលយកកូនចេញពីថង់)

-ស្រោចទឹកនិងថែទាំឲ្យបានដិតដល់។ ប្រើប្រាស់ស្បៃសម្រាប់បាំងកូនរុក្ខជាតិដែលទើបនឹងដាំ កុំឲ្យត្រូវក្ដៅពេក។

/.ការស្រោចស្រព

ផ្កាចំប៉ាជាដំណាំមិនសូវត្រូវការទឹកច្រើនទេ ប៉ុន្ដែត្រូវស្រោចឲ្យបានគ្រប់គ្រាន់នាររដូវក្ដៅ។ ត្រូវស្រោច 2 ដងក្នុងមួយថ្ងៃ គឺព្រឹកម្ដង និងល្ងាចម្ដង។ បន្ទាប់ពីនោះក្រោយដាំបាន 2 ទៅ 3ខែ អាចស្រោចទឹក 2 ថ្ងៃម្ដង។

*សត្វល្អិត និងជម្ងឺ

ចៃស៖ អាចកំចាត់ដោយប្រើកម្លាំងនៃទឹកបាញ់ វានឹងជ្រុះចេញ

ជម្ងឺលើឬស៖ គ្រប់គ្រងប្រព័ន្ធស្រោចស្រពឲ្យបានត្រឹមត្រូវ។

/.ការប្រមូលផល

ប្រមូលផលដោយបេះដោយដៃ ជៀសវាងការធ្លាក់ ឬធ្វើឲ្យជាំ ដែលធ្វើឲ្យបាត់បង់គុណភាពនិងសោភ័ណ្ឌភាព។ គេប្រមូលផលផ្កាក្រពុំសម្រាប់ជាគ្រឿងលម្អ រីឯផ្កាដែលរីកអាចហាលធ្វើតែ ៕