រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU បញ្ជាក់​យ៉ាង​ច្បាស់​ថា “​ករណី​វីតិក្រម​ប្រព្រឹត្ត​ដោយ​ឈ្មោះ ទេព ធី​រិ​ទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជី​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្របខ័ណ្ឌ​សាលាឧទ្ធរណ៍ មិនមែន​អតីត​ក្រឡាបញ្ជី​ដូច​ការ​ផ្សាយ​មួយ​ចំនួន​នោះ​ទេ​” ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន ដំណឹង ស្តី​ពី “​កិច្ចប្រជុំ​លើក​ទី​៤៨ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ ពុក រលួយ​” ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា នេះ ។

កន្លង​មក អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ឈ្មោះ ទេព ធី​រិ​ទ្ធ ជា​អតីត​ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ដោយ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ មក​ម្ល៉េះ ហើយ​ឈ្មោះ​នេះ​នៅ​តែ​ឆ្លៀត​យក​តួនាទី​ជា​ក្រឡាបញ្ជី​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ។

ទោះបី​យ៉ាងណា សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាប់ខ្លួន​ឈ្មោះ ទេព ធី​រិ​ទ្ធ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ បញ្ជូន​មក​តុលាការ ។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប៊ុ​ន ពៅ សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ទេព ធី​រិ​ទ្ធ តែ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ពី​បទ “​វិ​តិ​ក្រម​” ។

យោង​តាម​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា មាត្រា​៥៩២ វីតិក្រម គឺជា​អំពើ​របស់​អ្នករាជការ​សាធារណៈ ឬ ពលរដ្ឋ​ទទួល​អាណិត្ត សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត ដែល ៖
១-​ទាមទារ ឬ ទទួល ជា​សិទ្ធិ ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បានដឹង​ថា​មិន​ត្រូវ​បង់ ឬ ដែល​លើស​ពី​ចំនួន​ដែល​គេ​ត្រូវ​បង់ ​។
២-​យល់ព្រម​ក្រោម​រូបភាព​ណា​មួ​​យ និង​ដោយ​មូលហេតុ​ណាមួយ​ក៏​ដោយ ធ្វើការ​លើកលែង ឬ ការ​លោះ​លា​ចំពោះ​ការ​បង់ពន្ធ ឬ អាករ​ដែល​ខ្លួន​ដឹង​ថា​ខុសច្បាប់​។

ទោស​ដែល​ត្រូវ​អនុវត្ត មាត្រា​៥៩៣ បទ​វីតិក្រម ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ៕