ដំណាំម្នាស់ ជាដំណាំដែលមានសក្ដានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយខេត្តដែលបានបង្កបង្កើនផលច្រើនជាងគេ ប្រហែលជាគ្មានខេត្តណាវ៉ាដាច់ក្រៅពីខេត្តស្ទឹងត្រែងនោះទេ ដោយសារតែខេត្តនេះសំបូរទៅដោយដីដែលមានជីជាតិល្អ ព្រមទាំងអាកាសធាតុអំណោយផល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនជាការដាំគ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំនោះទេ នោះទិន្នផលក៏វាមិនបានល្អទៅតាមល្អនោះដែរ។

ដំណាំនេះទាមទារឲ្យយើងមានបច្ចេកទេសខ្ពស់តាំងពី ការជ្រើសរើសពូជ ការរៀបចំដី ការថែទាំ ដាក់ជី​ និងការប្រមូលផល។ ដូចនេះថាតើត្រូវដាំដូចម្ដេចក្នុងជំហានដំបូងឲ្យទទួលបានទិន្នផលខ្ពស់យើងនឹងធ្វើការណែពីវិធីដាំ ដូចខាងក្រោម៖

/. ការរៀបចំរង

យើងត្រូវភ្ជួរដីអោយបានស្អាត ទុកចោល១សប្តាហ៍ បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែលមានបណ្តោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្ររួចដាក់ជីអាចម៍គោតាមចង្អូរ ហើយលប់ដីពីលើ។

/. ការដាំម្នាស់

យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះគុម្ពមួយទៅគុម្ពមួយប្រវែងពី ៣ ទៅ៤តឹក និងចន្លោះរងប្រវែងពី៦ ទៅ៨តឹក។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក។

/. ការសំអាតស្មៅ, ពូនគល់, និងការគ្របរង

ស្មៅចាប់ផ្តើមដុះក្រោយដាំរយៈពេល ១ខែ យើងត្រូវត្រួតពិនិត្យមើលបើឃើញថាមានស្មៅដុះកំពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរងនិងយកស្មៅងាប់ ឬដើមទន្ទ្រានខែត្រ ឬអង្កាមដាក់ពីលើរងអោយបានច្រើន ដើម្បីអោយកើតជាជី និងបន្ថយការលូតលាស់របស់ស្មៅ។

/. ការដាក់ជី

-ការដាក់ជីទ្រាប់បាតៈ យើងដាក់ជីលាមកសត្វប្រមាណ៣ការុង ឬ៣០គីឡូក្រាមពីលើចង្អូររងប្រវែង ២០ម៉ែត្ររួចកាប់ជ្រោយអោយបានសព្វមុនពេលដាំ។

-ការដាក់ជីបំប៉នៈ យើងប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥ ១ដងសំរាប់បំប៉នដើមម្នាស់អោយលូតលាស់ល្អ។ ត្រូវសំអាតស្មៅអោយបានស្អាតជាមុនសិន និងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់ សំរាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួនកន្លះគៅឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រ សំរាប់កូនម្នាស់ ១០០ដើម។ ត្រូវចាក់ស្រោចតាមគល់កុំអោយទឹកជីចូលក្នុងបណ្តូលដើមម្នាស់។

-លើកទី១ ត្រូវដាក់ជីក្នុងរយៈពេល ១ខែកន្លះក្រោយដាំ ប្រើជីអ៊ុយរ៉េ ១គក្រ សំរាប់កូនម្នាស់ ២០០ដើម។

-លើកទី២ ត្រូវដាក់ជីក្នុងរយៈពេល ២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េម្តងទៀត ១គក្រ សំរាប់កូនម្នាស់ ២០០ដើម។

-លើកទី៣ ពេលម្នាស់ចាប់ផ្តើមចេញផ្កាប្រើជី ២០-២០-១៥ ១គក្រ សំរាប់កូនម្នាស់២០០ដើម។

ចំណាំៈ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមទន្ទ្រានខែត្រ ដោយចាក់ស្រោចតាមគល់ជំនួយជីអ៊ុយរ៉េបាន។ យើងប្រើទឹកជី១ធុងចំណុះ២០លីត្រ សំរាប់ម្នាស់១០០ដើម។

/. ការស្រោចស្រព

បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរូច និងត្រូវស្រោចទឹកវាជារៀងរាល់១ខែម្តង រហូតដល់ភ្លៀងធ្លាក់។

/. ការសំអាតខ្នែង

ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់កំពុងលូតលាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើឃើញមានខ្នែងត្រូវកាច់ចេញ ដោយទុកតែដើមមេមួយប៉ុណ្ណោះដើម្បីអោយបានផ្លែធំ។

/. ជំរុញផ្កា

ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើសពី២០ឡើងទៅ។ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយទឹក ១ធុងចមណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូលក្នុងបណ្តូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតាល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ។ ក្រោយចាក់ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាត់លក់បាន។

បច្ចេកទេសមួយនេះ គ្រាន់តែជាស្ពានបំភ្លឺតិចតួចតែប៉ុណ្ណោះ បើកសិករចង់ឲ្យដឹងយល់ច្បាស់បន្ថែមគួរតែអនុវត្តន៏ដោយខ្លួនឯងផ្ទាល់ នឹងខិតខំស្វែងរកនូវវិធីសាស្រ្ដថ្មីៗ ពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីជំរុញការលក់ឲ្យមានតម្លៃខ្ពស់ក្នុងទីផ្សារក្នុង និងក្រៅប្រទេស ៕